ក្រុមហ៊ុនចំនួន ១៧០មកពីប្រទេសនានាវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ព្រះសីហនុ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទាក់ទាញសហគ្រាស និងស្ថាប័នឯកជនចំនួន១៧០ក្រុមហ៊ុនមកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិច អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត បង្កើតការងារជិត៣ម៉ឺនកន្លែង។ នេះបើយោងតាមលោកឡុង ឌឺម៉ង អភិបាលរងខេត្តព្រះសីហនុ ថ្លែងក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយនិងលោក Du Xiaogang លេខាបក្សនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ទីក្រុង វូស៊ី ស្តីពីការលើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំរិត ២.០។
លោក Du Xiaogang បានឱ្យដឹងថា កិច្ចប្រជុំតាមវីឌីអូ ដើម្បីកំណត់អនាគតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានចាប់ផ្តើមពីឆ្នាំ២០០៨ ហើយមកដល់ថ្ងៃនេះ ទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេស និងសហគ្រាសចូលបោះទីតាំងសរុបប្រមាណ១.៣៦៦លានដុល្លាអាមេរិក។ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ទំហំទឹកប្រាក់នាំចេញ និងនាំចូលសរុប ២.០០១លានដុល្លាអាមេរិក។
លោកថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្លាយជានិមិត្តរូបនៃចំណងមិត្តភាពរវាងខេត្ត ក្រុងទាំងពីរ និងត្រូវចាត់បញ្ចូលក្នុងបញ្ជីសម្រេចមូលដ្ឋានក្នុងសន្និសីទ កំពូលកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទី២ បានទទួលស្គាល់ពីរប្រមុខរដ្ឋទាំងពីរ។ សមិទ្ធផលនេះ មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់រដ្ឋបាលខេត្តព្រះសីហនុ ហើយក៏មិនអាចកាត់ផ្តាច់ពីពីការចង្អុលបង្ហាញពីខេត្តជាំងស៊ូ។
លោក ឡុង ឌីម៉ង់ បានអោយដឹងថា ខេត្តព្រះសីហនុ និងទីក្រុង វូស៊ី ជាខេត្តសម្ព័ន្ធមេត្រីភាព ទោះបីវិបត្តិនៃជំងឺកូវីដ-១៩ ប៉ុន្តែភាគីទាំងពីររក្សានូវទំនាក់ទំនង និងរៀបចំកម្មវិធីផ្សេងៗតាមប្រព័ន្ធអនឡាញ។ កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងយុទ្ធសាស្ត្រចតុកោណរបស់សម្ដេចតេជោ ហ៊ុន សែន និងគោលនយោបាយ ” ខ្សែក្រវាត់មួយផ្លូវមួយ” របស់ប្រធានាធិបតី ស៊ី ជិនភីង ក្នុងគោលដៅថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសទាំងពីរ។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស១១ បានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានដាក់សម្ពោធឱ្យដំណើរការឆ្នាំ២០០៨ ។ តំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ហូដូ គ្រុប នៅទីក្រុងវូស៊ី ខេត្តជាំងស៊ូ។ ខេត្ត ក្រុងទាំងពីរ បានកំណត់យកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ធ្វើជាស្ពាន និងជាវេទិកា ដើម្បីទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅក្នុងការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធដែលទទួលបានលទ្ធផលគួរជាទីមោទនៈ និងបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្ដល់ផលប្រយោជន៍ និងការងារយ៉ាងច្រើនដល់ខេត្តព្រះសីហនុ កាត់បន្ថយការធ្វើចំណាកស្រុក និងភាពក្រីក្រ ហើយវាក៏ដើរតួនាទីជាអ្នកបើកច្រកពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទូលំទូលាយផ្នែកពាណិជ្ជកម្មអន្តរជាតិក្នុងតំបន់ និងពិភពលោកផងដែរ៕