ប្រមុខរដ្ឋាភិបាលកម្ពុជា អំពាវនាវឲ្យម្ចាស់រថយន្តគ្មានពន្ធ រួសរាល់ចូលមកបង់ពន្ធឲ្យបានមុន ថ្ងៃទី៣១ ខែធ្នូ
ភ្នំពេញ ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា អំពាវនាវឲ្យម្ចាស់រថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ សូមរួសរាល់ចូលមកបង់ពន្ធឲ្យបានទាន់ពេលវេលា នៃការអនុគ្រោះពន្ធ១០ភាគរយ ដែលត្រូវបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» របស់ក្រុមហ៊ុន ជីប ម៉ុង នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចបញ្ជាក់ថា អ្នកដែលបង់ពន្ធក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នឹងមិនមានការអនុគ្រោះទេ ខណៈដែលសម្តេចនឹងមិនឲ្យមានបញ្ហាកើតឡើងដដែលជាដដែលនោះទេ ចំពោះអ្នកប្រើប្រាស់រថយន្តគ្មានពន្ធ និងបញ្ហារថយន្តចង្កួតស្តាំបើកបរលើដងផ្លូវ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ថ្ងៃនេះជាថ្ងៃទី១៥ហើយ នៅសល់តែ១៥ថ្ងៃទៀតទេ អំពាវនាវចំពោះម្ចាស់រថយន្ត ដែលមិនទាន់បានបង់ពន្ធសូមអញ្ជើញមកបង់ពន្ធឲ្យបានរួសរាន់ ដើម្បីទទួលបាននូវភាពអនុគ្រោះ១០ភាគរយ។ ខ្ញុំបានបញ្ជាក់ហើយមិនឲ្យមានព្រឹត្តិការណ៍ច្រំដែលកើតមានឡើងតទៅទៀតទេ លើបញ្ហារថយន្តមិនបង់ពន្ធ ជ្រកក្រោមផ្លាកលេខនេះ ឬលេខនោះ ហើយក៏មិនឲ្យមានវត្តមានបើកលើផ្លូវរថយន្តចង្កួតស្តាំ កែទៅឆ្វេង។ អីចឹងទេ អ្នកដែលមិនបានទៅបង់ពន្ធរួសរាន់មកបង់ពន្ធ ក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវបង់ពន្ធពេញ អត់មានអនុគ្រោះ១០ភាគរយទេ ព្រោះរឿងនេះរឿងរកស៉ីអត់ពន្ធ យកឡានមកជិះអត់ពន្ធ»។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលកំពុងជ្រកក្រោមផ្លាកលេខផ្សេងៗ ចូលប្រកាសបង់ពន្ធនាំចូល ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។ ការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករចំនួន ១០ភាគរយ សម្រាប់រថយន្តចង្កូតឆ្វេង នឹងត្រូវដល់ឱសានវាទត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ខណៈរថយន្តចង្កួតស្តាំរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។