ពន្ធដារ រំលឹកខកខានមិនបង់ពន្ធតាមការកំណត់ ត្រូវរងទោសទណ្ឌតាមច្បាប់ជាធរមាន
(ភ្នំពេញ) ៖អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្លែងថា “ការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ ម្ចាស់អចលនទ្រព្យនឹងត្រូវរងទោសទណ្ឌតាមច្បាប់ជាធរមាន” ។
សេចក្តីជូនដំណឹង ស្តីពី “ការរំលឹកការបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០១៩” នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នេះ ពន្ធដារ បន្ថែមថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនៅឡើយ ។
ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០១៩ នេះ បានអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ចៀសវាងបាននូវការកកស្ទះ ការប្រជៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ , អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធឱ្យទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ៕
អត្ថបទ ៖ រតនៈ