រុស្ស៊ី ជាមួយអាស៊ាន នឹងធ្វើសមយុទ្ធកងទ័ពជើងទឹកជាលើកដំបូង

បរទេស៖ រុស្ស៊ី ជាមួយនឹងអាស៊ាន នឹងធ្វើសមយុទ្ធកងទ័ពជើងទឹកជាលើកដំបូង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ នៅក្នុងដែនទឹករបស់ឥណ្ឌូណេស៊ី។ នេះបើតាមការអះអាងរបស់អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាស៊ាន លោក Alexander Ivanov ទៅកាន់សារព័ត៌មាន Sputnik នៅថ្ងៃទី២៣ ខែវិច្ឆិកាកន្លងទៅ។
«សមយុទ្ធយោធា នឹងធ្វើឡើងនៅក្នុងតំបន់កោះស៊ូម៉ាត្រាខាងជើង»។ លោក Ivanov បានបញ្ជាក់បែបនេះ ដោយបន្ថែមថា នាវាប្រឆាំងនាវាមុជទឹករុស្ស៊ី Admiral Panteleyev ក៏មានវត្តមានក្នុងសមយុទ្ធកងទ័ពជើងទឹកនេះដែរ។
សមយុទ្ធយោធានោះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹករុស្ស៊ី និងកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន ដើម្បីផ្តល់សន្តិសុខលើសកម្មភាពពាណិជ្ជកម្មផ្លូវទឹក។ សមយុទ្ធនេះ នឹងប្រព្រឹត្តឡើងជាពីរដំណាក់កាល ដោយមួយដំណាក់កាលធ្វើឡើងតាមប្រព័ន្ធវីដេអូ និងមួយដំណាក់កាលទៀត នឹងធ្វើឡើងដោយផ្ទាល់។
 
បើតាមមន្រ្តីរុស្ស៊ី សមាជិកអាស៊ានចំនួន ៣ នឹងមិនបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅចូលរួមក្នុងសមយុទ្ធនោះឡើយ ដោយប្រទេសទាំង៣ ចូលរួមត្រឹមតែកិច្ចប្រជុំតាមប្រព័ន្ធវីដេអូប៉ុណ្ណោះ ប៉ុន្តែមិនបានបញ្ជាក់ឡើយ ថាតើប្រទេស៣នោះ ជាប្រទេសណាខ្លះ៕

ប្រភព៖ Military Affair

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds