ប្រធានគណៈមេធាវី បញ្ជាក់ថា ឈ្មោះ ប៊ុន រស្មី ហៅលោកគ្រូ ជោគជ័យមិនមែនជាមេធាវីទេ ហើយគណៈមេធាវីនឹងពិនិត្យស្រាវជ្រាវចាត់ការតាមច្បាប់
ភ្នំពេញ ៖ យោងតាមលិខិតរបស់ប្រធានគណៈមេធាវី លី ច័ន្ទុតុលា ចេញនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ បានជម្រាបមកលោក ជាចាន់តុលា អំពីពាក្យស្នើសុំអន្តរាគមន៍ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លើករណីឈ្មោះ ប៊ុន រស្មី ហៅ ប៊ុនផាក តាំងខ្លួនជាមេធាវីខុសច្បាប់នោះ គណៈមេធាវីបានធ្វើការស្រាវជ្រាវលើឈ្មោះ ប៊ុន រស្មី ហៅ ប៊ុនផាក មានថ្ងៃខែឆ្នាំកំណើត ថ្ងៃទី៣ ខែមីនាឆ្នាំ១៩៩៣ ជាលទ្ធផលឃើញថា ឈ្មោះនេះមិនមែនជាមេធាវី ប៊ុន រស្មី ដែលជាសមាជិកគណៈមេធាវីឡើយ ។
ដោយសារតែឈ្មោះ ប៊ុន រស្មី ហៅ ប៊ុនផាក មិនមែនជាមេធាវី ដូច្នេះគណៈមេធាវីមិនមានសមត្ថកិច្ចក្នុងការដោះស្រាយលើពាក្យស្នើសុំអន្តរាគមន៍របស់លោកទេ ។ លោកគប្បីចាត់ការទៅតាមច្បាប់ជាធរមាន ចំពោះសកម្មភាពរបស់ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុនផាកដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍របស់លោក ។ ដោយគណៈមេធាវី នឹងពិនិត្យលើសកម្មភាពប្រកបវិជ្ជាជីវៈមេធាវីខុសច្បាប់របស់ប៊ុន រស្មី ហៅ ប៊ុនផាក ទៅតាមនីតិវិធីច្បាប់ជាធរមាន ៕