អជ្ញាធរខេត្តព្រះសីហនុ គ្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣
ភ្នំពេញ៖ បន្ទាប់ពីស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ ទទួលបានជោគជ័យអជ្ញាធរខេត្តព្រះសីហនុ គ្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២,៦៩០ហិកតា ស្ថិតក្នុងសង្កាត់ លេខ៤ ដែលសាងសង់ដោយក្រុមហ៊ុន X-WATER TECHNOLOGY CO.,LTD។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ គឺកសាងឡើងក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានដាក់ឱ្យដំណើររួចហើយ ។ ដោយឡែក ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងទៀតនៅតំបន់ឆ្នេរអូរឈើទាល ដែលមានសមត្ថភាពសម្អាតទឹកកខ្វក់ ក្នុងបរិមាណ២០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ក៏នឹងត្រូវសាងសង់ឡើងនាពេលខាងមុខនេះដែរ។
តាមផែនការមេនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់នៅក្រុងព្រះសីហនុ ដែលបង្ហាញដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅ បានឱ្យដឹងថា នៅឆ្នាំ២០២១-២០២៣ នឹងត្រូវសាងសង់លូមេប្រវែង៦៩គីឡូម៉ែត្រ លូមេរងប្រវែងជិត៤០គីឡូម៉ែត្រ លូតភ្ជាប់ពីលំនៅដ្ឋាន និងអគារពាណិជ្ជកម្មប្រវែងជាង៩២គីឡូម៉ែត្រ ខណៈចន្លោះពីឆ្នាំ២០២៣-២០៣០ ស្ថានីយអាចនឹងពង្រីកសម្ថភាពប្រព្រឹត្តកម្មដល់ ៦០,០០០ម៉ែត្រគូប ឬ៨០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។
គម្រោងអភិវឌ្ឍន៍ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទឹកភ្លៀងក្នុងក្រុងព្រះសីហនុនេះ គ្រោងចំណាយថវិកាសរុបជាង១៧០លានដុល្លារអាមេរិក។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា បច្ចុប្បន្ននេះ សម្រាប់ប្រទេសកម្ពុជា គឺមានតែខេត្តព្រះសីហនុមួយប៉ុណ្ណោះ ដែលត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការនូវស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់កម្រិតស្តង់ដារ ដែលយកបច្ចេកវិទ្យាពីប្រទេសអ៉ីស្រាអែល និងត្រូវបានសាងសង់ឡើងដោយស្នាដៃកូនខ្មែរ។
លោកបានបញ្ជាក់ថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានសមត្ថភាពក្នុងការដកយកកាកសំណល់ភាគល្អិតបំផុត និងសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ ដែលអាចធ្វើឱ្យទឹកមានសុវត្ថិភាពរហូតដល់ ៦០ភាគរយ មុននឹងបង្ហូចូលទៅក្នុងសមុទ្រ។
សូមជម្រាបថា ប្រភពទឹកកខ្វក់ដែលចេញពីគេហដ្ឋាន និងអគាររស់នៅរបស់ពលរដ្ឋត្រូវបានប្រមូលផ្តុំនឹងត្រូវបានបញ្ជូនទៅកាន់អាងចម្រោះបឋមតាមរយៈបណ្តាញបំពង់ដែកកាបូន ហើយសំណាញ់ Coarse Screen អាចច្រោះសំរាមឬភាគល្អិតដែលមានទំហំធំជាង ឬស្មើ២មីលីមែត្រ៕