អភិបាលក្រុងព្រះសីហនុ ៖ ពលរដ្ឋបញ្ចេញសំរាមខុសពេលវេលា នឹងត្រូវផាកពិន័យ

ព្រះសីហនុ ៖ អភិបាលក្រុងព្រះសីហនុ អះអាងថា ពលរដ្ឋបញ្ចេញសំរាមខុសពេលវេលា នឹងត្រូវផាកពិន័យ រីឯក្រុមហ៊ុននឹងត្រូវទទួលការពិន័យដូចមានចែងក្នុងកិច្ចសន្យារបស់រដ្ឋបាលក្រុងព្រះសីហនុ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ព្រឹកថ្ងៃសៅរ៍ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានអោយដឹងថា ពលរដ្ឋបញ្ចេញសំរាមខុសពេលវេលា ដែលបានកំណត់នៅក្នុងប័ណ្ណព័ត៌មាន នឹងត្រូវផាកពិន័យ ជាប្រាក់ចាប់ពី ២ម៉ឺនរៀលដល់៤០ម៉ឺនរៀល (យោងតាមអនុក្រឹត្យលេខ១១៣) ដោយឡែកក្នុងករណីដែលក្រុមហ៊ុន មិនបានទៅប្រមូល និងដឹកជញ្ជូនសំរាមតាមពេលវេលា ដែលបានកំណត់ក្នុងកិច្ចសន្យារបស់រដ្ឋបាលក្រុងព្រះសីហនុ។
លោកថា ប្រជាពលរដ្ឋត្រូវបញ្ចេញសំរាម ចាប់ពីម៉ោង ៧យប់ ដល់ម៉ោង៣ភ្លឺ ហើយក្រុមហ៊ុនត្រូវទៅប្រមូល និងដឹកជញ្ជូនសំរាមចាប់ពីម៉ោង ៣ភ្លឺ ដល់ម៉ោង ៨ព្រឹក។

លោកបន្ថែមថា បច្ចុន្នខេត្តព្រះសីហនុ មួយថ្ងៃប្រមូលសម្រាមពី៣៥០តោនទៅ ៥០០តោន ដោយរដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់។ លោកថា យើងនិងឈានទៅធ្វើការផាកពិន័យ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ អ្នកបង្កើតសំរាមមិនបានចូលរួមសហការជាមួយរដ្ឋបាលក្រុងព្រះសីហនុ និងក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម។

ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ដែលមានសក្តានុពលឆ្នេរខ្សាច់សស្អាត ជាតារារះនាទិស “នារតី” ហើយភាពស្អាតនេះ គឺជាការទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តរបស់យើង និងផ្តល់ការងារជូនប្រជាពលរដ្ឋ បង្កើនជីវភាពកាន់តែល្អប្រសើរ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds