អភិបាលខេត្តព្រះសីហនុ គ្រោងឲ្យធ្វើប៉ម ឬកន្លែងយាម ដើម្បីដាក់ឆ្មាំមើលអ្នកទេសចរលេងទឹក
ព្រះសីហនុ ៖ បន្ទាប់ពីកន្លងមកនេះកើតមានករណីអ្នកទេសចរមកលេងទឹកសមុទ្របានគ្រោះថ្នាក់លង់ទឹកដោយសារការលេងទឹក អភិបាលខេត្តព្រះសីហនុ គ្រោងឲ្យធ្វើប៉ម ឬកន្លែងយាម ដើម្បីដាក់ឆ្មាំមើលអ្នកទេសចរលេងទឹក ពិសេសនៅពេលមានមានគ្រោះថ្នាក់កើតឡើង ពេលលេងទឹក ដោយប្រការណាមួយអាចជួយសង្គ្រោះបាន ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២១ លោក គួចចំរើន បានអោយដឹងថា លោកនឹងដាក់សំណាញ់រនាំង ដើម្បីការពារនៅតំបន់មាត់សមុទ្រដែលជាកន្លែងអ្នកទេចរលេងទឹក ហើយធ្វើប៉មដោយដាក់ឆ្មាំនៅមើលអ្នកលេងទឹក។ ពេលនេះលោកក៏បានកំពុងជំរុញការធ្វើប៉ម ដើម្បីដាក់ឆ្មាំការពារដល់អ្នកទេសចរណ៍ ។ ប៉ុន្តែបើសិនយើងធ្វើតែប៉ម តែគ្មានមនុស្សមានសមត្ថភាពក្នុងការជួយសង្គ្រោះនៅពេលដែលអ្នកទេសចរជួបគ្រោះថ្នាក់ដោយសារការលេងទឹកកវាមានការពិបាកផងដែរ ។
លោកបន្ថែម កន្លងមកលោកបានបញ្ជូនមន្ត្រីទៅធ្វើការរៀនសូត្រពីវិធីជួយសង្គ្រោះអ្នកទេសចរពេលជួបបញ្ហាចំនួន៦នាក់រួចហើយ ។ ឆ្មាំដែលដាក់យាម ត្រូវតែមានការយល់ដឹងពីវិធីសាស្ត្រនៃការជួយសង្គ្រោះដល់អ្នកទេសចរដែលជួបគ្រោះថ្នាក់ដោយការលង់ទឹក មិនមែនអាចចេះតែផ្លុំកញ្ចែតែមួយមុខបាននោះទេ ។
លោកបញ្ជាក់ថា«ខ្ញុំគិតថា ត្រូវតែមានសម្ភារៈក្នុងការផ្ដល់ឲ្យឆ្មាំដើម្បីផ្ដល់ភាពងាយស្រួលក្នុងការជួយសង្គ្រោះ ។ តែយើងប្រើកម្លាំងឆ្មាំក៏ត្រូវការថវិកា ករណីខ្ញុំបានស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលដែរ…ខ្ញុំកំពុងគិតថា តើមួយគីឡូដាក់ឆ្មាំចំនួនប៉ុន្មាន? ខ្ញុំកំពុងរង់ចាំនៃ មតិយោបល់ដែលវិជ្ជមាន ដើម្បីយកមកធ្វើការអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុ»។
លោកគួច ចំរើន ក៏បានឲ្យដឹងថា ប៉មនឹងដាក់តាមការជាក់ស្តែង ហើយលោកនឹងធ្វើការខិតខំបញ្ជូនមន្ត្រីទៅរៀនផ្នែកសង្គ្រោះករណីលង់ទឹកឲ្យបានជាង 20 នាក់បន្ថែមទៀត ។ ពីព្រោះថា ប៉មមិនអាចឱ្យមនុស្សអង្គុយតែម្នាក់ឯងនៅក្នុងមួយថ្ងៃបាននោះទេ គឺត្រូវតែមានការប្ដូរវេនគ្នាយាម ។
លោកថា៖«យើងក៏តាមដានផងដែរពីចំនួនមនុស្សដែលមកលេងទឹកសមុទ្រ គឺវាមិនអាចដាក់ឆ្មាំការពារពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យនោះទេ ។ យើងមើលពេលវេលាអទិភាពដែលពិសេសនោះ គឺថាថ្ងៃសុក្រថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គឺមានអ្នកទេសចរមកលេងច្រើន ហើយឆ្មាំ ត្រូវតែដាក់យាមនៅពេលថ្ងៃ »៕