ជើងខ្លាំង ដែលជេរប្រមាថមន្ដ្រីនគរបាលចរាចរណ៍ ត្រូវបានឃាត់ខ្លួន មុននេះបន្តិច
ភ្នំពេញ ៖ បន្ទាប់ពីអគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យតាមចាប់ខ្លួនបុគ្គលម្នាក់ ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថមើលងាយ មន្ដ្រីនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្ពានអាកាសស្ទឹងមានជ័យ នៅពេលនេះបុរស់រូបនេះ ត្រូវបានឃាត់ខ្លួន។
ផេកស្នងការនរគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុរស់ម្នាក់ដែលបានជេរប្រមាថមើលងាយ និងដេញវាយសមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យនោះ ត្រូវបានឃាត់ខ្លួនបានកាលពីវេលាម៉ោង ១៣:០០នាទីរសៀល នៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ និងនាំខ្លួនទៅសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ផងដែរថា នាយឧត្តមសេនីយ៍នេត សាវឿន បញ្ជាថា «ករណីនេះស្នងការនគរបាលរាជធានីខេត្ត ត្រូវដកពិសោធន៍ជាបន្ទាន់ ពិសេសកម្លាំងចរាចរណ៍ផ្លូវគោក ឯកឧត្តម ហ៉ឹម យ៉ាន, នាយកដ្ឋានចរាចរណ៍ និងចរាចរណ៍ទូទាំងប្រទេស ខ្ញុំបានណែនាំច្រើនដងហើយមានករណីកើតឡើងមើលងាយមើលថោក មកលើកម្លាំងសមត្ថកិច្ចដែលកំពុងបំពេញកាតព្វកិច្ចនៅលើដងផ្លូវសាធារណៈអញ្ជឹងនេះ ហៅកម្លាំងអន្ដរាគមន៍ដាក់ខ្នោះភ្លាម យកមកប៉ុស្ដិ៍ អត់មានឈ្លោះ អត់មានប្រកែកប្រណាំង។ យើងត្រូវប្ដឹងទៅតុលាការពីបទរារាំង បទបំផ្លាញកិច្ចការរបស់យើង មើលងាយមើលថោកកងកម្លាំង។ រឿងនេះភ្នំពេញត្រូវរៀបឯកសារទៅតុលាការ»។
គួរជម្រាបថា ការដាក់បទបញ្ជារបស់មេនគរបាលជាតិរូបនេះ ធ្វើឡើងបន្ទាប់ពីមានការចែកចាយវីដេអូមួយ នៅតាមបណ្ដាញសង្គម Facebook ដោយបានបង្ហាញពីសកម្មភាពច្រង៉ែងច្រង៉ាងរបស់បុរសម្នាក់មកលើ មន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅអនុវត្តច្បាប់ស្ពានអាកាសស្ទឹងមានជ័យ៕