សមាគម​សិ​ល្បៈ​សុវណ្ណ​ភូមិ រៀបចំ​​សម្ដែង​ទម្រង់​សិ​ល្បៈ ល្ខោន​ស្រមោល​ស្បែក​ធំ ក្រោយខកខានជាង១ឆ្នាំ​

ភ្នំពេញ ៖ ក្រោយខកខាន​ ការសម្ដែង​នូវ​ទម្រង់​សិ​ល្បៈ​ល្ខោន​ស្រមោល​ស្បែក​ធំ​នេះ ជាង ១ ឆ្នាំ​មកហើយ ដោយសារតែ​វិបត្តិ​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ ១៩ នៅ​រាត្រី​ថ្ងៃទី ២៥ ខែវិច្ឆិកា សមាគម​សិ​ល្បៈ​សុវណ្ណ​ភូមិ សហការ​ជាមួយ​សាលា​មធ្យម​វិចិត្រ​សិ​ល្បៈ បានរៀបចំ​ព្រឹត្តិការណ៍​សម្ដែង​ទម្រង់​សិ​ល្បៈ «ល្ខោន​ស្រមោល​ស្បែក​ធំ» នៅ​សាល​មហោស្រប​ នៃ​សាលា​ធ្យ​ម​វិចិត្រ​សិ​ល្បៈ​​។

លោក ម៉ាន់ កុសល ប្រធាន​សមាគម​សិ​ល្បៈសុវណ្ណ​ភូមិ បានអោយដឹងថា ដើម្បី​អបអរសាទរ​ខួប​លើក​ទី១៦ នៃ​ការដាក់បញ្ចូល​នូវ​ទម្រង់​សិ​ល្បៈ​ «ល្ខោន​ស្រមោល​ស្បែក​ធំកម្ពុជា» ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ ទើប​សមាគម​របស់លោក ក្រោម​កិច្ចសហការ​ចូលរួម គាំទ្រ​ពីសា​លា​មធ្យម​វិចិត្រ​សិ​ល្បៈ និង​ក្រសួង​វប្បធម៌​វិចិត្រ​សិ​ល្បៈ រៀបចំ​សម្ដែង​សិ​ល្បៈ​ល្ខោន​ស្រមោល​ស្បែក​ធំ នេះ​ជា​សាធារណៈ​ឡើងវិញ។

លោកថា «ការសម្ដែង​សិ​ល្បៈ​ល្ខោន​ស្រមោល​ស្បែក​ធំ របស់​សមាគម​យើងខ្ញុំ​នៅពេលនេះ គឺ​ចង់បង្ហាញ​ទស្សនិកជន ជាតិ​និង​អន្តរជាតិ​ ឱ្យ​បាន​ស្គាល់​កាន់តែច្បាស់​ថែមទៀត ពី​មរតក​នៃ​ទម្រង់​សិ​ល្បៈ​បុរាណ​ខ្មែរ​ ដើម្បី​ទុក្ខ​ជា​ប្រយោជន៍​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ​បាន​សិក្សា​រៀនសូត្រ និង​បន្ត​ថែរក្សា​នូវ​គុណ​តម្លៃ​នៃ​មរតក​វប្បធម៌​សិ​ល្បៈ​មួយ​នេះ​បាន​ឋិត​នៅ​គង់វង្ស​ជា​រៀងរហូត​ទៅ»។

លោក​បាន​ថ្លែងថា៖«តាមរយៈ​ការសម្ដែង​ផ្ទាល់​ជា​សាធារណៈ និងការថត​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​នេះ យើង​រំពឹងថា នឹងមាន​ការចូលរួម​គាំទ្រ​ទស្សនា ច្រើន​កុះករ​ ពី​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង ពិសេស​ពី​យុវជន»។

បើតាម​ លោក​ កុសល​ ការរក្សា​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី គឺជា​ការទទួលខុសត្រូវ​របស់​សហគមន៍ ដោយ​មាន​​ការគាំទ្រ​លើកទឹកចិត្ត​ពី​អាជ្ញាធរ​មូលដ្ឋាន និង ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ។

ចំណែក​ការរក្សា​ការពារ​បេតិកភណ្ឌ​វប្បធម៌​រូបី គឺជា​ការទទួលខុសត្រូវ​របស់​រដ្ឋាភិបាល។ ដូច្នេះ​សហគមន៍ ដែល​បានទទួល​នូវ​មរតក​វប្បធម៌​អរូបី​ ល្ខោន​ស្រមោល​ស្បែក​ធំ នេះ​គប្បី ប្រឹងប្រែង​អភិរក្ស និង អភិវឌ្ឍន៍​ទំនើបកម្ម​លើ​វិស័យនេះ​បន្ថែមទៀត​ ដើម្បី​ផលប្រយោជន៍​របស់​សហ​គម​ន៍ ហើយ​ក្រសួង​នឹង​បន្ត​គាំទ្រ​និង​លើកទឹកចិត្ត​បន្ថែម​ក្នុងការ​ផ្សព្វផ្សាយ​ពង្រីក​នូវ​ស្នាដៃ​វប្បធម៌​សិ​ល្បៈ​អរូបី​នេះ។

លោក​បាន​ឱ្យ​ដឹងផង​ដែរ​ថា សិល្បៈ​ល្ខោន​ស្រមោល​ស្បែក​ធំ មាន​ប្រវត្តិ និង​អាយុកាល​ជា​យូរលង់​ណាស់​មកហើយ​ លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​សកលលោក​ទ​ទួល​ស្គាល់ និង​ឱ្យ​តម្លៃ​ថា​ ជា​សម្បត្តិ​មនុស្សជាតិ​ដ៏​អស្ចារ្យ និង​បានដាក់​បញ្ចូល ជា​បេតិកភណ្ឌ​ពិភពលោក​ ខាង​បេតិកភណ្ឌ​បញ្ចេញ​សំឡេង និង​អរូបិយ​​របស់​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds