ស្រ្តី​ក្នុង​វិស័យ​នយោបាយ ​មាន​ចំនួន​តិច​នៅ​ឡើយ 

ភ្នំពេញ ៖ ចំនួន​ស្រ្តី​នៅ​ក្នុង​វិស័យ​នយោបាយ​នៅ​មាន​កម្រិត​នៅ​ឡើយ ​បើ​គិត​មក​ដល់​ពេល​នេះ​ បើ​ទោះ​ជា​មាន​ការ​ជំរុញ​ជា​បន្ត​បន្ទាប់​ក៏​ដោយ។ ​ឃុំ​សង្កាត់​រាប់​រយ​ក្នុង​ចំណោម​ឃុំ​ជាង​១៦០០​នៅ​ទូទាំង​ប្រទេស ​មិន​មាន​វត្តមាន​ស្រ្តី​ជា​ក្រុម​ប្រឹក្សា​ ឬ​មេ​ឃុំ​នោះ​ទេ។ ​ប៉ុន្តែ​គេ​មើល​ឃើញ​ថា ​តាម​រយៈ​ការ​បណ្តុះ​បណ្តាល​របស់​អង្គការ​មួយ​ចំនួន​ សំឡេង​របស់​ស្រ្តី​ត្រូវ​បាន​បន្លឺ​ឡើង​ ហើយ​ស្រ្តី​មាន​ភាព​ក្លាហាន​ និងទំនុក​ចិត្ត​ច្រើន​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ។

 ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការបង្កើនចំនួនអ្នកដឹកនាំស្ត្រីក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចចិត្តនៅកម្ពុជា នាថ្ងៃទី២៥ វិច្ឆិកា នេះ លោកស្រី ធីតា ឃឹះ ​នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ​ដែល​ធ្វើ​ការ​លើ​សិទ្ធិ​ស្រ្តី​ មាន​ប្រសាសន៍​ថា ​ចំនួន​ស្រ្តី​កាន់មុខ​តំណែង​ធំ ​ដែល​មាន​ការ​សម្រេច​ចិត្ត​ មាន​កម្រិត​ទាប​នៅ​ឡើយ។ ការ​រើស​អើង​ចំពោះ​ស្រ្តី​នៅ​តែ​មាន​នៅ​ឡើយ​ ដូច​ជា​ការ​មិន​ស្តាប់​យោបល់​របស់​ស្រ្តី​ជា​ដើម។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​«(បុរស)​អត់​ស្តាប់​(ស្រ្តី)​ បើ​ប្រើ​ឲ្យ​រៀបចំ​ម្ហូប​អាហារ ​ដើរ​បោស​ជូត​ ធ្វើ​ម្ហូប ​ធ្វើ​អាហារ​ អាហ្នឹង​ប្រើ​ស្រី។ ​​ប៉ុន្តែ​ដល់​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ជា​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ប៉ះពាល់​ដល់​ការ​អនុវត្ត​ផ្សេងៗ​គឺ​បុរស»។​ ​បុរស​ត្រូវ​បាន​លើក​តម្កើង​ និង​គាំទ្រ​តែ​ក្នុង​ក្រុម​របស់​ពួក​គេ​ផង​ដែរ។ ​

ទោះ​ជា​ចំនួន​ស្រ្តី​ក្នុង​វិស័យ​នយោបាយ​នៅ​មាន​ចំនួន​តិច​នៅ​ឡើយ ​លោក​ស្រី ធីតា ឃឹះ​ នៃ​អង្គការ​សីលការ​បាន​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​បន្ត​លើក​តម្កើង​តួនាទី​ស្រ្តី ​និង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​វត្តមាន​ស្រ្តី​យ៉ាង​តិច​៣០​ភាគរយ ​នៅ​ក្នុង​ស្ថាប័ន​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

ប្រធានគណបក្សប្រជាធិបតេត្យមូលដ្ឋាន លោកយ៉េង វិរៈ ​មាន​ប្រសាសន៍​ថា ​បញ្ហា​ប្រឈម​របស់​ស្រ្តី​បច្ចុប្បន្ន​នេះ​គឺ​ទាក់ទង ​ភាព​ក្រីក្រ ​និង​ការ​មិន​អនុញ្ញាត​របស់​ក្រុម​គ្រួសារ ​ជា​ពិសេស​ស្វាមី ​មិន​ឲ្យ​ស្រ្តី​ចូលរួម​សកម្ម​ភាព​សង្គម ​និង​នយោបាយ។​

នៅ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ជាង​១៦​លាន​នាក់ ​ចំនួន​ស្រ្តីមាន​ប្រមាណ​៥២​ភាគ​រយ។ ​តែចំនួន​ស្រ្តី​នៅ​ក្នុងតំណែង​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ ​នៅ​ទាប​នៅ​ឡើយ។ ​ក្នុង​ចំណោម​សមាជិក​រដ្ឋសភា ​សរុប​ទាំង​១២៥​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​តែ​ស្រ្តី​២៥​នាក់​តែ​ប៉ុណ្ណោះ​គឺ​ស្មើ​នឹង​២០​ភាគរយ។ ​សមាជិក​ព្រឹទ្ធ​សភា​ស្រ្តី​មាន​ប្រមាណ​១៨​ភាគរយ។ ​

ក្នុង​ចំណោម​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​១១៥៧២​នាក់ ​ស្រ្តី​មាន​ចំនួន​២៣២៣​នាក់​គឺ​ស្មើ​នឹង​ប្រមាណ​២០​ភាគរយ។ ​នៅ​ក្នុង​ចំណោម​ឃុំ​សង្កាត់​ទូទាំង​ប្រទេសសរុប​១៦៤៦ឃុំ​សង្កាត់​ មាន​ឃុំ​សង្កាត់​ជាង​៣០០​មិន​មាន​ក្រុម​ប្រឹក្សា​ស្រ្តី​សូម្បី​តែ​ម្នាក់។​ ប៉ុន្តែការងារ​ដឹកនាំ​ឃុំ​សង្កាត់​តម្រូវ​ឲ្យ​មាន​ក្រុម​ប្រឹក្សា​ម្នាក់ទទួល​បន្ទុក​ផ្នែក​ស្រ្តី​និង​កុមារ ​នៅ​ក្នុង​ឃុំ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds