ព្រឹកនេះ រដ្ឋសភា បន្តសម័យប្រជុំលើកទី៦ ពិភាក្សាលើរបៀបវិរៈ ចំនួន៦

ភ្នំពេញ៖ រដ្ឋសភានៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៦ ដើម្បីបោះឆ្នោតជ្រើសតាំងអនុប្រធានទី១ និងសមាសភាពមួយចំនួនទៀត ព្រមទាំងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន២ទៀត ទាក់ទងនឹងហិរញ្ញវត្ថុ។

សម័យប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកនានារបស់រដ្ឋសភា។

របៀបវារៈសម័យប្រជុំរដ្ឋសភាលើកនេះមានចំនួន៦៖
ទី១៖ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ លោក អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្តមណ្ឌលកំពង់ធំ ជំនួសលោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដែលបានទទួលមរណភាព។

ទី២៖ ការបោះឆ្នោតជ្រើសតាំងលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា។

ទី៣៖ ការបោះឆ្នោតជ្រើសតាំងលោក ឈាង វុន ជាសមាជិកគណៈកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងលោក ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។

ទី៤៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។

ទី៥៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

និងទី៦៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds