មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ អនាម័យបរិស្ថានស្អាត ធ្វើឱ្យសុខភាពយើងល្អ ជៀសផុតពីការឆ្លងជំងឺ
កំពត ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អំពាវនាវអោយ ពលរដ្ឋបន្តចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមផ្ទះសម្បែង ភូមិឃុំរបស់ខ្លួន ញែកសំរាមតាមប្រភេទ វេចខ្ទប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីភូមិដ្ឋានរបស់យើងមានអនាម័យបរិស្ថានល្អ មានផាសុកភាពសម្រាប់ការរស់នៅ សុខុមាលភាពពលរដ្ឋយើងល្អ ជៀសផុតពីការឆ្លងជំងឺទាំងឡាយ។
ថ្លែងក្នុងឱកាសនៃការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះនៅ ក្រុងបូកគោ ខេត្តកំពត ក្រោមប្រធានបទ «ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ» លោក នេត្រ ភក្ក្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិនេះ ក៏ជាផ្នែកមួយនៃការចូលរួមជំរុញការអនុវត្តគោលនយោបាយជាតិភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលលើកឡើងអំពីភូមិឃុំសង្កាត់ ត្រូវតែ«មានអនាម័យល្អ សោភ័ណភាព និងបរិស្ថានល្អ»។
លោកថា ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២១ នេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងបរិបទដែលកម្ពុជា និងពិភពលោកបាននិងកំពុងខិតខំបើកដំណើរការប្រទេសឡើងវិញ តាមគន្លងថ្មី ក្រោយពីរងនូវផលប៉ះពាល់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ការគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ និងបរិស្ថាន អនាម័យក្នុងភូមិឃុំសង្កាត់ប្រកបដោយប្រសិទ្ធភាព ជាពិសេសយន្តការដោះស្រាយសំរាម ធ្វើឱ្យភូមិឃុំសង្កាត់មានសោភ័ណភាព និងផាសុកភាព។
អ្នកនាំពាក្យរូបនេះបន្ថែមថា ការចូលរួមសម្អាតអនាម័យបរិស្ថានជាប្រចាំរបស់ប្រជាពលរដ្ឋ ព្រមទាំងប្រកាន់ខ្ជាប់នូវវិធានការរដ្ឋបាល និងវិធានការសុខាភិបាលបានល្អ នឹងធ្វើឱ្យសុខភាពរបស់យើងល្អ និងអាចទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និង បង្ការជំងឺឆ្លងផ្សេងៗបាន និងអាចសន្សំសំចៃថវិកាសម្រាប់ក្រុមគ្រួសារបានផងដែរ។
ជាមួយគ្នានេះ រៀបចំឱ្យមានការបញ្ជ្រាបការអប់រំដល់ប្រជាពលរដ្ឋអំពីច្បាប់ គោលការណ៍ និងវិធានការនានាស្តីពីការថែរក្សាបរិស្ថាន រួមទាំងវិធីសាស្ត្រ នៃការរក្សាសុខភាព អនាម័យ សុវត្ថិភាពចំណីអាហារជាដើម។
សូមបញ្ជាក់ថា ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបង្កើតឡើងដោយអនុក្រឹត្យលេខ ៤៧ អនក្រ បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ ក្នុងគោលបំណងលើកកម្ពស់ការ អប់រំ ផ្សព្វផ្សាយ និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិតឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅរួមចំណែក កសាងសង្គមកម្ពុជាឱ្យមានបរិស្ថានល្អស្អាត និងភាពស្រស់បំព្រង។
កម្ពុជាបានប្រារព្ធទិវាអនាម័យបរិស្ថាននេះជារៀងរាល់ឆ្នាំក្រោមប្រធានបទផ្សេងៗ សំដៅចូលរួមក្នុងការធានាបាននូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និង បរិស្ថាន។