សម្ដេចតេជោ ៖ មេឃុំនិងចៅសង្កាត់មួយចំនួន ម៉ោង៩ព្រឹកហើយ នៅមិនទាន់ចូលធ្វើការ
ភ្នំពេញ ៖ ថ្លែងក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ“ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ” និងបើកការ“បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នាព្រឹថ្ងៃទី២៣ វិច្ឆិកា នេះ” សម្ដេចតេជោ បានអោយដឹងថា មានមេឃុំនិងចៅសង្កាត់មួយចំនួន ម៉ោង៩ព្រឹកហើយ នៅមិនទាន់ចូលធ្វើការទៀត ធ្វើឲ្យប្រជាជនទៅរកមិនឃើញ ខណៈសម្តេចផ្តាំថា ទៅធ្វើការយឺតនេះ កុំយកហេតុផលរឿងកូវីដ-១៩មកធ្វើជាខែល។
សម្ដេចតេជោ បន្ថែមថា «មេឃុំ ត្រូវមានអ្នកប្រចាំការ មេឃុំត្រូវចូលកន្លែងស្នាក់ការឃុំម៉ោង៧ព្រឹក ។ តាមខ្ញុំដឹង ហេតុផលកូវីដនេះ ធ្វើឲ្យមេឃុំមួយចំនួនម៉ោង៩ព្រឹក មិនទាន់ចូលស្នាក់ការទេ ប្រជាជនទៅរកអត់ឃើញទេ ។ យើងយល់កុំដេកដួលរមួល សំគ្រិច សូមឲ្យយកចិត្តទុកដាក់ផ្ដល់សេវាជូនប្រជាជន»។
សម្ដេចតេជោបន្ដថា ប្រជាជនត្រូវការមេឃុំ ត្រូវការមេស្រុក ត្រូវការខេត្ត ដើម្បីដោះស្រាយបញ្ហានានា ដូច្នេះ ត្រូវមានអ្នកប្រចាំការ កុំផ្អែកលើបញ្ហាកូវីដ-១៩ ហើយបែរជាកិច្ចការរដ្ឋបាលបោះបង់ចោល ក្នុងពេលប្រជាជនកំពុងមានតម្រូវការនានាឲ្យជួយដោះស្រាយ។
សម្ដេចតេជោ ក៏បានផ្ដាំផ្ញើដល់ឃុំ-សង្កាត់ ត្រូវព្យាយាមដោះស្រាយជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ ហើយបើដល់តុលាការហើយ ត្រូវមានអ្នកចាញ់ មានឈ្នះ ៕