សម្តេចតេជោ និងទូតចិន អញ្ជើញសម្ពោធស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ

កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តមវ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។

ស្ពាននេះ ចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។ ស្ពាននេះ ចាប់ផ្តើមនៅត្រង់គីឡូម៉ែត្រលេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្តលេខ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ តួស្ពានមានប្រវែង ១,១៣១ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន ២គន្លង ផ្លូវម៉ូតូចំនួន ២គន្លង ផ្លូវថ្មើរជើងចំនួន ២គន្លង សម្រាប់ទៅមក។ ផ្លូវមេសងខាងស្ពាន តភ្ជាប់ទៅផ្លូវជាតិលេខ៧១ មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុបរួមទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែងសរុប ៩,៤៥៤ម៉ែត្រ។

ស្ពាន និងផ្លូវតភ្ជាប់នេះ ត្រូវបានចំណាយពេលសាងសង់ ៤២ខែ ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ចំណាយថវិកាជិត ៥៧លានដុល្លារអាមេរិក។

ក្រៅពីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងកាត់ទន្លេមេគង្គហើយនោះ ក្នុងកម្មវិធីថ្ងៃនេះ ក៏ភ្ជាប់ជាមួយការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ «៧១ស៊ី (C)» តភ្ជាប់ពីស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ទៅស្រុកចម្ការលើ ខេត្តកំពង់ចាម ប្រវែងជិត ១១៥គីឡូម៉ែត្រផងដែរ។ ផ្លូវនេះ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ១៥៤+៧០០ ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅគីឡូម៉ែត្រលេខ៣០+៤០៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds