ទឹកឃ្មុំព្រៃចូលរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍ព្រៃឈើប្រាសាទទឹកខ្មៅ និងជួយការពារព្រៃឈើ
ក្រចេះ៖ ទឹកឃ្មុំធម្មជាតិមានតួនាទីសំខាន់ក្នុងការចូលរួមថែរក្សាព្រៃឈើ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ព្រៃឈើប្រាសាទទឹកខ្មៅដែលស្ថិតនៅក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
លោក ឈុត ណន មេឃុកំពង់ចាមបានថ្លែងថា សហគមន៍ព្រៃឈើប្រាសាទទឹកខ្មៅមានសមាជិកជាង ១០០ គ្រួសារ។ ក្នុងនោះមានសមាជិកមិនតិចជាង ៦០ គ្រួសារទេ ដែលកំពុងតែចូលព្រៃរកបេះឃ្មុំព្រៃធម្មជាតិ ដើម្បីយកទៅលក់ដោះស្រាយជីវភាពក្នុងគ្រួសារ។
លោកថា៖ វាជួយថែរក្សាឈើធំៗកុំឱ្យមានជនល្មើសលួចកាប់។ ទឹកឃ្មុំជួយកាត់បន្ថយភាពក្រីក្របានខ្លះៗដែរ តាមរយៈការលក់ដូរ។ ហើយក៏ជួយថែរក្សាព្រៃផងដែរ ព្រោះថា បើគ្មានព្រៃ ឃ្មុំធ្វើម៉េចរស់នៅបាន? មានព្រៃ ទើបឃ្មុំវានៅ»។ លោកបានបន្ថែមថា ទឹកឃ្មុំមួយលីត្រ ពួកគាត់លក់បានតម្លៃចាប់ពី ៥ ទៅ ៦ ម៉ឺនរៀល។
កាលពីថ្ងៃទី ១៤ ខែវិច្ឆិកានេះគម្រោងព្រៃឡង់បៃតង (USAID Greening Prey Lang) ក៏បានលើកឡើផងដែរថា ការចូលរួមរបស់ទឹកឃ្មុំព្រៃ មិនត្រឹមតែល្អសម្រាប់ជួយដល់សុខភាពរបស់មនុស្សប៉ុណ្ណោះទេ តែវាថែមទាំងជួយដល់ការការពារព្រៃឈើផងដែរ។
«ក្រុមប្រមូលទឹកឃ្មុំព្រៃ ប្រកបដោយនិរន្តរភាពនៅសហគមន៍ព្រៃឈើ ប្រាសាទទឹកខ្មៅក្នុងខេត្តក្រចេះចាប់ផ្តើមមានជីវភាពធូរធាជាងមុនហើយ ពួកគាត់បានចូលរួមចំណែកក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិយ៉ាងល្អប្រសើរ»។ បន្ថែមពីលើការបរិច្ចាគប្រាក់ចំណេញពីការលក់ទឹកឃ្មុំព្រៃទៅលើការគាំទ្រការគ្រប់គ្រងសហគមន៍ព្រៃឈើ ពួកគាត់ក៏ចូលរួមចំណែកក្នុងការល្បាតព្រៃដោយផ្ទាល់ផងដែរ។
ព្រៃឡង់បៃតងបានបង្កើតជាពាក្យស្លោកថា៖ «ល្អសម្រាប់សុខភាព ល្អសម្រាប់សហគមន៍ ល្អសម្រាប់ព្រៃឈើ»៕