ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវទេសចរដើរលេងកម្សាន្តជាង១៣២,០០០នាក់
ភ្នំពេញ៖ ភ្ញៀវទេសចរចេញដើរលេងកម្សាន្តសរុប១៣២,០១៣នាក់ ក្នុងនោះមានភ្ញៀវជាតិ១៣០,០០២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២,០១១នាក់ នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអោយដឹងថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ១៨,០៧៣ នាក់, ខេត្តកំពត ១៥,៨៤០ នាក់, ខេត្តសៀមរាប ១៥,២៦០ នាក់, ខេត្តកែប ១២,៨៨០ នាក់, ខេត្តមណ្ឌលគិរី ១០,០១០ នាក់ និងខេត្តពោធិ៍សាត់ ៩,៥៦៨ នាក់។
លោកបានឱ្យដឹងថា ចរន្តភ្ញៀវទេសចរមានភាពផុសផុលនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ទូទាំងប្រទេស រាប់ទាំងគោលដៅទេសចរណ៍វប្បធម៌ តំបន់ឆ្នេរ អេកូទេសចរណ៍ កសិ-ទេសចរណ៍ និងរមណីយដ្ឋានកែច្នៃបែបលក្ខណៈគ្រួសារជាដើម។ តាមការវាយតម្លៃបឋម ភ្ញៀវទេសចរនឹងមានចំនួនកាន់តែច្រើននៅថ្ងៃទី២ និងទី៣ នៃព្រះរាជពិធីបុណ្យអុំទូកនេះ។
លោក ថោង ខុន បានបន្តទៀតថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនបានចេញដំណើរទៅតាមខេត្តតាំងពីល្ងាចថ្ងៃម្សិលមិញ ហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចរាចរណ៍នៅតាមផ្លូវជាតិសំខាន់ៗមានសភាពកកកុញ ពិសេសផ្លូវជាតិលេខ៦ឆ្ពោះទៅខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តគោលដៅភាគខាងជើង និងភាគពាយព្យ និងផ្លូវជាតិលេខ៣ ឆ្ពោះទៅខេត្តកែប និងខេត្តកំពត។ នាល្ងាចថ្ងៃព្រហស្បតិ៍ ចរន្តភ្ញៀវចូលទៅគោលដៅខេត្តសំខាន់ៗ ដូចជា ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរីជាដើមនៅតែមានភាពកកកុញពេញដោយភ្ញៀវទេសចរ ខណៈដែលភ្ញៀវទេសចរមួយចំនួនបាននិងកំពុងដើរកម្សាន្តច្រើនគោលដៅឆ្លងពីខេត្តមួយទៅខេត្តមួយ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះបានបន្ថែមថា អត្រាកក់បន្ទប់ស្នាក់នៅតាមសណ្ឋាគារ និងផ្ទះសំណាក់គឺមានច្រើន ពិសេសខេត្តគោលដៅសំខាន់ៗ ដូចជា ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរីជាដើម ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍កាន់តែច្រើនបានបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញ៕