ថ្ងៃស្អែក សាលាដំបូង នឹងបើកសវនាការសំណើរសុំនៅក្រៅឃុំរបស់សមាជិកអតីតCNRP
ភ្នំពេញ៖ តាមការគ្រោងទុក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចៅក្រមសាលាដំបូងនឹងបើកសវនាការលើសំណុំសុំនៅក្រៅឃុំរបស់សមាជិកអតីតគណបក្សសង្គ្រោះជាតិចំនួន១៤នាក់ ដែលកំពង់ជាប់ពន្ធនាគារព្រៃស។
មេធាវីការពារសមាជិកអតីតគណបក្សសង្គ្រោះជាតិ លោកមេធាវី សំ សុគង់ បានបញ្ជាក់ថា សំណុំរឿងកូនក្ដីរបស់ខ្លួន ត្រូវបានលោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជំរះបានបើកសវនាការរឿងក្ដីនេះច្រើនលើកច្រើនសារ ប៉ុន្តែដោយបញ្ហាកូវីដ១៩ បានផ្ទុះឡើងនៅទូទាំងប្រទេសកម្ពុជា ទើបសវនាការគ្រោងនៅថ្ងៃបន្ទាប់បានអូសបន្លាយរហូតដល់បច្ចុប្បន្ន ហើយនៅមិនទាន់កំណត់កាលបរិច្ឆេតដើម្បីបើកសវនាការលើរឿងក្ដីនេះ។
លោកបន្ថែមថា ខណៈការឃុំខ្លួនបណ្ដោះអាសន្នត្រូវអូសបន្លាយអស់រយៈពេលជិត២ឆ្នាំ បណ្ដាលអោយជនជាប់ចោទម្នាក់ក្នុងរឿងក្ដីកើតមានជំងឺស្ទើរគ្រប់គ្នា ដូចជាជំងឺលើសសម្ពាធឈាម ជំងឺលើសអាស៊ីត ជំងឺសន្លាក់ ថ្លើម ជំងឺទឹកនោមផ្អែម ក្រពះពោះវៀនធ្ងន់ធ្ងរ ដែលត្រូវការព្យាបាលពីសំណាក់គ្រូពេទ្យជំនាញ និងមើលថែទាំពីក្រុមគ្រួសារ ។
ជនជាប់ចោទទាំង១៤នាក់ដែលតុលាការគ្រោងនឹងជំនុំជំរះតាមពាក្យស្នើសុំនៅក្រៅឃុំរួមមាន ៖ ហេង ច័ន្ទសុទ្ធី ហៅធី, កាក់ កម្ភារ, យឹម សារ៉េត , ពៀត ម៉ាប់, សុខ ចាន់ថា, ឃឹម ភាណា, ស៊ុន ធន, ញែម វាន, ជុំ ចាន់, ថៃ គន្ធា, កែវ ថៃ, ឡុង ផារី, ងិន ឃាង និងឃុត ច្រិក
អាស្រ័យដោយមានការស្នើសុំពីសំណាក់មេធាវីការពារអោយជនជាប់ចោទទាំង១៤នាក់ ទើបតុលាការកំណត់យកថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីបើកសវនាការមុនអង្គសេចក្ដីលើសំណុំរឿងនៅក្រៅឃុំនេះ៕