ចាប់ពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា នេះ​តទៅ អ្នក​រៀបចំ​កម្មវិធី​ផ្សេងៗ​នៅ​ភ្នំពេញ ​មិន​កំណត់​​អ្នកចូលរួម

ភ្នំពេញ​ ៖ ចាប់ពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​តទៅ រដ្ឋបាល​រាជធានី​អនុញ្ញាត​ឲ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ពិធីបុណ្យ​ប្រពៃណី ពិធី​សាសនា ការជួបជុំ និង​កម្មវិធី​ផ្សេងៗ​នៅ​រាជធានី​ភ្នំពេញ ដោយ​មិន​កំណត់​ចំនួន​អ្នកចូលរួម ប៉ុន្តែ អាស្រ័យ​ទៅ តាម​ទីតាំង​ប្រារព្ធ​ពិធី ដែល​អាច​ធានា​បាន​ការ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​-​បុគ្គល និង​វិធាន​សុខាភិបាល​។

​សេចក្តី​សម្រេច​ របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​នេះ ​បាន​កែសម្រួល​ចំពោះ​ការ​អនុញ្ញាត​ឱ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ពិធីបុណ្យ​ប្រពៃណី ពិធី​សាសនា ការជួបជុំ និង​កម្មវិធី​ផ្សេងៗ​ នៅ​រាជធានី​ភ្នំពេញ ដោយ​មិន​កំណត់​ចំនួន​អ្នកចូលរួម ប៉ុន្តែ អាស្រ័យ​ទៅ តាម​ទីតាំង​ប្រារព្ធ​ពិធី ដែល​អាច​ធានាបាន​ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម​-​បុគ្គល និង​វិធាន​សុខាភិបាល ចាប់ពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​តទៅ​។​

​ចំពោះ​ការរៀបចំ​ពិធី​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​ប្រពៃណី​នានា ម្ចាស់​កម្មវិធី ត្រូវ​មាន​ទីតាំង​ឯកជន សមស្រប​សម្រាប់​រៀបចំ​កម្មវិធី និង​ត្រូវ​ជូនដំណឹង​មក​រដ្ឋបាល​សង្កាត់​នៃ​ទីតាំង​ប្រារព្ធ​ជាមុនសិន ដើម្បី​ចុះ​ពិនិត្យ​ទីតាំង ធំ​ឬ​តូច សមាមាត្រ​ទៅ​នឹង​ចំនួន​អ្នកចូលរួម រួច​ទើប​សម្រេច​ជូន​។

ម្ចាស់​កម្មវិធី ត្រូវ​ចុះ​កិច្ចសន្យា​ជាមួយ​រដ្ឋបាល​សង្កាត់​នៃ​ទីតាំង​ប្រារព្ធ ដើម្បី​ទទួល​ខុសត្រូវ​អនុវត្ត​តាម គោលការណ៍​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​-​បុគ្គល ការ​បង្ហាញ​ប័ណ្ណ​ចាក់​វាក់​សាំង​កូ​វីដ​-១៩ និង​អនុវត្ត​តាម​នីតិវិធី​ប្រតិបត្តិ ស្ដង់ដារ ចុះ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ស្ដីពី​ការ​រៀប​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ ប្រពៃ​ណី​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​គោលការណ៍​ណែនាំ​របស់​ក្រសួង​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ជាពិសេស ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ គឺ​កាតព្វកិច្ច​ពាក់​ម៉ាស (​លើកលែង​ពេល​ទទួលទាន​អាហារ ភេសជ្ជៈ​) ការធ្វើ​អនាម័យ បាញ់ថ្នាំ​សម្លាប់​មេ​រោ​គៈ ការ​វាស់​កម្ដៅ និង​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ ។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds