អាជ្ញាធរខេត្តកំពង់ឆ្នាំង ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការបានជាង ៤០០ រឿង
កំពង់ឆ្នាំង ៖ រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចុះដោះស្រាយសំណូមពរ និងទំនាស់ក្រៅប្រព័ន្ធតុលាការសម្រេចបានជាង ៤០០ រឿង និងនៅសល់ជាង ៣០០ រឿងទៀតកំពុងបន្តដោះស្រាយ។
ថ្លែងនៅកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលសកម្មភាពការងារកន្លងមក និងលើកទិសដៅអនុវត្តបន្ដ នៅរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមប្រព័ន្ធអនឡាញ Zoom លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ “ចំណុចខ្លាំងរបស់យើង គឺកន្លងមកនេះ ក្រុមការងារថ្នាក់ខេត្តសហការជាមួយបណ្ដាស្រុកចុះដោះស្រាយសំណូមពរ និងទំនាស់ក្រៅប្រព័ន្ធតុលាការ សរុបសម្រេចបានជាង ៤០០ រឿង ក្នុងចំណោមរឿងជាង ៧០០រឿង”។
លោកថា ចំពោះការឆ្លើយតបនឹងគ្រោះមហន្តរាយ ក៏យើងអនុវត្តបានល្អ និងទាន់ពេលវេលា ជាក់ស្ដែងថ្មីៗនេះ ប្រជាពលរដ្ឋនៅឃុំផ្លូវទូក ចំនួន ៧៦ ខ្នងផ្ទះ ស្នើនឹង ៧៦ គ្រួសារបានរងគ្រោះដោយខ្យល់ព្យុះកន្ត្រាក់ យើងបានចុះទៅជួយជម្លៀសមកទីទួលសុវត្ថិភាព ជួយផ្ដល់អំណោយ និងជួយជួសជុលផ្ទះរបស់ពួកគាត់ឡើងវិញ។ ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីអាយុ ១៨ ឆ្នាំឡើង គឺយើងចាក់បានជិត ១០០ ភាគរយហើយ។
លោកអភិបាលខេត្តបានមានប្រសាសន៍បន្តថា ទោះបីលទ្ធផលការងារកន្លងមកទទួលបានលទ្ធផលល្អ នៅតែមានចំណុចប្រឈមមួយចំនួនផងដែរ៕