ចំណូលពន្ធដារឆ្នាំ២០២១នេះ រំពឹង ថា នឹងលើសពីផែនការដែលបានកំណត់ ១៥%
ភ្នំពេញ ៖ ការប្រមូលចំណូលពន្ធដារ សម្រាប់ឆ្នាំ២០២១នេះ ត្រូវបានព្យាករណ៍ថា នឹងលើសពីផែនការដែលបានកំណត់ ១៥% ខណៈការប្រមូលចំណូលពន្ធ១០ខែឆ្នាំនេះ លើសផែនការ៣% បើទោះជារដ្ឋផ្តល់ការអនុគ្រោះលើកលែងពន្ធ ដល់វិស័យមួយចំនួន ដោយសារជួបវិបត្តិកូវីដ១៩ ក៏ដោយ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ឧបករណ៍វាស់ចំណុះស្រាបៀររបស់ក្រុមហ៊ុន HEINEKEN នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា «ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ២០២១នេះ មានការធ្លាក់ចុះបន្តិច ជាងឆ្នាំ២០២០ ដោយសារតែវិស័យមួយចំនួន ច្បាប់បានអនុញ្ញាតឱ្យលើកលែងពន្ធ អីចឹងវាមានការថយចុះខ្លះ តែមិនអាក្រក់ជាងឆ្នាំ២០២០នោះទេ។ បើគិតពីផែនការប្រមូលពន្ធក្នុងរយៈពេល១០ខែនេះ លើស៣%។
លោកបន្តថា អីចឹងរហូតរហូតដល់ចុងឆ្នាំ យើងមាន២ខែទៀត ដើម្បីប្រមូល ប្រហែលជាមិនតិចជាង១៥%ទេ គឺលើស។ ហើយអ្វីដែលថា ការប្រមូលពន្ធនេះវាលើសផែនការ សួរថាការព្យាករណ៍នេះវាខុស? មិនខុសទេ»។
លោក បន្ថែមថា កាលពីកន្លងមកទៅ រាជរដ្ឋាភិបាលបានប្រកាសលើកលែងពន្ធ លើវិស័យមួយចំនួន ដូចជាវិស័យទេសចរណ៍ អាកាសចរណ៍ ដែលជាវិស័យរងគ្រោះខ្លាំង បង្កឡើងដោយជំងឺកូវីដ១៩ រហូតដល់ចុងឆ្នាំ២០២១។ បើទោះបីជារាជរដ្ឋាភិបាលដំណើរការសេដ្ឋកិច្ចឡើងវិញ ប៉ុន្តែវិស័យទាំងនេះ នឹងត្រូវទទួលបានការអនុគ្រោះពន្ធចំនួន៦ខែបន្ថែមទៀត នៅឆ្នាំ២០២២ខាងមុខ ពោលគឺលែងលែងពន្ធរហូតខែមិថុនា ឆ្នាំ២០២២ ដោយចង់ឱ្យវិស័យទាំងនេះ ពង្រឹងខ្លួនឱ្យរឹងមាំសិន។
នៅឆ្នាំក្រោយ ដើម្បីឱ្យការប្រមូលចំណូលពន្ធដារ តាមផែនការអគ្គនាយកដ្ឋានពន្ធដារ នឹងពង្រឹងនូវអនុលោមភាពចំពោះអ្នកជាប់ពន្ធ ឱ្យខ្លាំងជាងមុន។ ហើយលោកសង្ឃឹមថា អ្នកជាប់ពន្ធ និងមន្រ្តីសហការគ្នា ដើម្បីសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ដែលជាការរួមចំណែកអភិវឌ្ឍជាតិ ។
សូមជម្រាបថា រយៈពេល៩ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិបាន ២,១១១លានដុល្លារអាមេរិក ដែលស្មើនឹង ៩៤.១២នៃច្បាប់ថវិកាជាតិ ឆ្នាំ២០២១៕