រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ កម្ពុជា ប្តេជ្ញាចិត្តខ្ពស់ក្នុ្ងងការដោះស្រាយការប្រែប្រួលអាកាសធាតុ
ភ្នំពេញ៖ កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុ្ងងការដោះស្រាយការប្រែប្រួលអាកាសធាតុ ក្នុ្ងងនាមជាប្រទេសបញ្ចេញឧស្មនផ្ទះកញ្ចក់តិចតួច ។ នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងកិច្ចប្រជុំកំពូលលើកទី២៦នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។
ឯកឧត្តម សាយ សំអាល់បានលើកឡើងថា ការប្រែប្រួលអាកាសធាតុក៏ដូចជាជំងឺរាតត្បាតសកលផងដែរមិនបញ្ឈប់ត្រឹមព្រំដែនរបស់យើងទេ ហើយវត្តមានរបស់យើងនៅទីនេះជាសញ្ញាដែលធានាថាក្នុងនាមជាមេដឹកនំាពិភពលោក យើងមិនបោះបង់ការទទួលខុសត្រូវរួមរបស់យើងចំពោះសកម្មភាពអាកាសធាតុទេ។
ជាមួយគ្នានេះដែរ ឯកឧត្តមបានលើកឡើងពីគោលដៅចំនួន៤ដែលកម្ពុជាកំពុងអនុវត្តន៍ , ១កម្ពុជាបានដាក់ឱ្យដំណើរការថាមពលពន្លឺព្រះអាទិត្យ ដែលមានទំហំជាង ៤០០ មេហ្កាវ៉ាត់ ដែលតំណាងឱ្យ ១៥% នៃប្រភពថាមពលរបស់យើង, ២ មិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី, ៣ មិនសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ, ៤ កាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្តាលត្រឹមឆ្នាំ២០៣០ និងមិនមានការបញ្ចេញឧស្ម័នពីព្រៃឈើត្រឹមឆ្នាំ២០៤០»។
ចំពោះ ហិរញ្ញវត្ថុអាកាសធាតុអន្តរជាតិ ឯកឧត្តមបានគូសបញ្ជាក់ថា នៅតែមិនទាន់គ្រប់គ្រាន់តាមតម្រូវការនៅឡើយ ជាពិសេសសម្រាប់ផ្នែកការបន្ស៊ាំ ដែលយើងឃើញថានៅតែមានការលំបាកក្នុងការទទួលបាន សម្រាប់ប្រទេសដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ទាំងអស់ បង្កើនការរួមចំណែករបស់គេ ចំពោះយន្តការហិរញ្ញវត្ថុក្រោមអនុសញ្ញា ហើយជួយសម្រួលបន្ថែមទៀតក្នុងការទទួលបានមូលនិធិទាំងនេះដោយផ្ទាល់»។
សូមបញ្ជាក់ថាកម្ពុជាបានដាក់ជូននូវរបាយការណ៍ Updated NDC ជាមួយនឹងគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័ន ៤២% ត្រឹមឆ្នំា ២០៣០។ ជាងនេះកម្ពុជាកំពុងរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដើម្បីលើកកម្ពស់សកម្មភាពបញ្ចេញកាបូនតិច មានភាពធន់នឹងអាកាសធាតុ និងមានការអភិវឌ្ឍតាមបែបបរិយាប័ន្ន៕