សម្ដេចតេជោ ប្រកាសថាបើក ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល គឺត្រូវរង់ចាំក្រោយថ្ងៃទី៣០ ខែវិច្ឆិកា
ភ្នំពេញ៖ ពិធីសម្ពោធអាគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា នេះ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា បើកខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល គឺត្រូវរង់ចាំក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប៉ុន្តែខារ៉ាអូខេ ខេធីវី ឌីស្កូតែក ហើយនិងរង្គសាល រង់ចាំក្រោយថ្ងៃ ៣០ ខែវិច្ឆិកា ខ្ញុំសម្រេចយប់ មិញ តាមសំណើរបស់ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដែលដឹកនាំប្រជុំដោយឯកឧត្ដម ម៉ម ប៊ុនហេង ពីគណៈកម្មការ ព្រោះប្រសិនបើបើកអាហ្នឹងលឿនពេក គឺអាចនឹង…»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា អ្វីដែលសំខាន់នាពេលនេះ គឺត្រូវបើកសាលារៀនជាមុនសិន ហើយបន្ទាប់ពីការបើករយៈពេល ប៉ុន្មានសប្ដាហ៍កន្លងមកនេះ គឺអត្រាឆ្លងមានលក្ខណៈតិចតួចប៉ុណ្ណោះ។ លទ្ធផលល្អបែបនេះ ដោយសារតែប្រជាពលរដ្ឋរបស់យើង បាននាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
សម្តេចថា «មកពីបងប្អូនព្រមទទួលយកវ៉ាក់សាំង ក្នុងពេលដែលពួកអ្នកដទៃ ប្រឆាំងការចាក់វ៉ាក់សាំង វ៉ាក់សាំងសង្គ្រោះជីវិតមនុស្ស បើសិនបងប្អូនមិនទទួលបានវ៉ាក់សាំងទេ ច្បាស់ជាមកដល់ពេលនេះ បើប្រទេសអត់រួចទេ អញ្ចឹងពេលមុន បងប្អូនទ្រាំទ្ររការលំបាក តែពេលនេះ បងប្អូនបានធូរស្រាលហើយ មួយអាទិត្យនេះ ខ្ញុំតាមដាន គឺបងប្អូនសប្បាយចិត្ត នៅពេលដែលយើងបើកប្រទេស»។ នេះជាការលើកឡើងបន្ថែម របស់សម្ដេចតេជោ ហ៊ុន សែន។
ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងទៀតថា ភោជនីយដ្ឋាន និងទីតាំងនានា ដែលអាជ្ញាធរអនុញ្ញាតឲ្យបើកដំណើរការនោះ ត្រូវចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាស រក្សាគម្លាត និងមានដាក់អាកុល ឬជេលឲ្យអ្នកចូលទៅទទួលទាន បាញ់សម្លាប់មេរោគ ផងដែរ៕