អាម៉េរិក កាត់ទោសមន្ត្រីចារកម្មចិនម្នាក់
អាមេរិក ៖” ក្រសួងយុត្តិធម៌អាម៉េរិកបាននិយាយថា មន្ត្រីចារកម្មចិនម្នាក់ត្រូវបានកាត់ទោសនៅក្នុងតុលាការសហព័ន្ធអាម៉េរិក កាលពីថ្ងៃសុក្រទី៥ វិច្ឆិកា ពីបទធ្វើចារកម្មសេដ្ឋកិច្ចនៅក្នុងកិច្ចខិតខំប្រឹងប្រែងគាំទ្រដោយរដ្ឋដើម្បីលួចបច្ចេកវិជ្ជាពីក្រុមហ៊ុនអាកាសចរណ៍អាម៉េរិកនិងបារាំង។
លោក ស៊ូ យ៉ានជុន ជាមន្ត្រីម្នាក់នៅក្នុងការិយាល័យចារកម្មបរទេសខេត្តជាំងស៊ូ នៃក្រសួងសន្តិសុខរដ្ឋ ត្រូវបានរកឃើញថា មានទោសនៅក្នុងតុលាការក្រុងស៊ីនស៊ីនណាទីចំនួនពីរបទល្មើស គឺសមគំនិតឃុបឃិតនិងប៉ុនប៉ងធ្វើចារកម្មសេដ្ឋកិច្ច និងបីករណីពាក់ព័ន្ធនឹងការលួចការណ៍សម្ងាត់ពាណិជ្ជកម្ម។
ការចោទប្រកាន់ពីបទចារកម្មសេដ្ឋកិច្ចអាចជាប់ពន្ធនាគារអតិបរមា ១៥ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៥ លានដុល្លារ ខណៈបទចោទប្រកាន់ផ្សេងទៀតអាចជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំក្នុងមួយករណី។
លោកស៊ូគឺជាជនជាតិចិនម្នាក់ក្នុងចំណោមជនជាតិចិនចំនួន ១១ នាក់ រួមទាំងមន្ត្រីស៊ើបការណ៍សម្ងាត់ពីរនាក់ ដែលត្រូវបានចោទប្រកាន់កាលពីខែតុលាឆ្នាំ ២០១៨ជាប់ពាក់ព័ន្ធក្នុងគម្រោងការរយៈពេល ៥ ឆ្នាំដើម្បីលួចបច្ចេកវិជ្ជាពីក្រុមហ៊ុន GE Aviation ដែលមានមូលដ្ឋាននៅទីក្រុងស៊ីនស៊ីនណាទី ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះឈានមុខគេមួយរបស់ពិភពលោក និងក្រុមហ៊ុន Safran Group របស់បារាំង ដែលធ្វើការជាមួយក្រុមហ៊ុន GE លើការអភិវឌ្ឍម៉ាស៊ីន។
ក្រសួងយុត្តិធម៌ចេញសេចក្តីថ្លែងការណ៍មួយថា “លោកស៊ូបានប៉ុនប៉ងលួចបច្ចេកវិជ្ជាទាក់ទងនឹងកង្ហារម៉ាស៊ីនយន្តហោះផ្គុំផ្តាច់មុខរបស់ក្រុមហ៊ុន GE Aviationដែលគ្មានក្រុមហ៊ុនណាមួយក្នុងពិភពលោកអាចចម្លងដូចបានទេ ដើម្បីជាប្រយោជន៍ដល់រដ្ឋចិន”។
សេចក្តីថ្លែងការណ៍បានបន្ថែមថា លោកស៊ូ “បានកំណត់អត្តសញ្ញាណអ្នកជំនាញដែលធ្វើការឱ្យក្រុមហ៊ុន និងជ្រើសរើសពួកគេឱ្យធ្វើដំណើរទៅកាន់ប្រទេសចិន”។
លោកស៊ូត្រូវបានចាប់ខ្លួននៅខែមេសាឆ្នាំ ២០១៨ នៅប្រទេសបែលហ្ស៊ិក កន្លែងដែលគាត់ទំនងជាត្រូវបានបោកបញ្ឆោតក្នុងប្រតិបត្តិការប្រឆាំងចារកម្មសម្ងាត់ពេលគាត់មានគម្រោងជួបជាសម្ងាត់ជាមួយបុគ្គលិកក្រុមហ៊ុន GE ក្នុងការធ្វើដំណើរមួយនោះ៕