រដ្ឋមន្ត្រី ក្រសួងកសិកម្មឯកឧត្តម វេង សាខុន បានដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ Zoom ជាមួយឯកឧត្តមប្រធានគណ:កម្មការទី៣

ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៨:៣០នាទីព្រឹកថ្ងៃពុធ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន បានដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ Zoom ជាមួយឯកឧត្តមប្រធានគណ:កម្មការទី៣ ដែលមានឯកឧត្តម ឡូយ សុផាត ជាប្រធានអង្គប្រជុំ និងឯកឧត្តមប្រធានគណ:កម្មការទី៥ នៃរដ្ឋសភាព ដែលមានឯកឧត្តម ឈាង វុន រួមជាមួយឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិកគណៈកម្មការទាំងពីរនៃរដ្ឋសភា ។ កម្មវត្ថុនៃកិច្ចប្រជុំនេះគឺពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ” ការអនុម័តយល់ព្រមលើពិធីសារ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់” ។

កិច្ចព្រមព្រៀងនេះមានបំណងប្រើប្រាស់យន្តការពង្រឹងសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ និងការលុបបំបាត់កង្វះអាហារូបត្ថម្ភក្នុងបណ្តាប្រទេសសមាជិកអាស៊ាន និងបីប្រទេសទៀតគឺសាធារណរដ្ឋប្រជាមានិត​ចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ ដោយមិនឲ្យប៉ះពាល់ដល់ទ្រង់ ទ្រាយពាណិជ្ជកម្មទូទៅនោះឡើយ  ដោយឡែក ព្រះរាជាណាចក្រកម្ពុជា កិច្ចព្រមព្រៀងនេះបានផ្តល់ផលប្រយោជន៍ដូចការរំពឹងទុកគឺធានាបាននូវសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងលុបបំបាត់កង្វះអាហារូបត្ថម្ភ។ ជាក់ស្តែងនៅឆ្នាំ២០០៧​-២០០៨ កម្ពុជាទទួលបានអង្គរចំនួន ៤៨០តោន ឆ្នាំ២០១៥-២០១៦ ទទួលបាន ២១០តោន ឆ្នាំ២០១៨​-២០១៩ ទទួលបាន ២៥០តោន និងនៅឆ្នាំ២០២០ កន្លងមកបានទទួល ៣០០តោន សម្រាប់យកមកចែកជូនឲ្យ បងប្អូនប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់បណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ។ 

ចុងបញ្ចប់នៃកិច្ចប្រជុំ គណ:កម្មការទាំងពីរបានឯកភាពលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រម ព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់” ទាំងទម្រង់ និងខ្លឹមសារនៃច្បាប់ ហើយនឹងត្រៀមដាក់ជូនសភាពេញអង្គដើម្បីពិនិត្យ និងអនុម័តនៅពេលខាងមុខ៕ 

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds