ក្រសួងពាណិជ្ជកម្ម ត្រៀមផាកពិន័យលើអ្នករកស៊ីតាមអនឡាញ ដែលមិនបានទៅចុះបញ្ជី
(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា នាយកដ្ឋានចុះបញ្ជី នៃក្រសួងពាណិជ្ជកម្ម នឹងកំណត់កាលបរិច្ឆេទ ក្នុងការអនុវត្តច្បាប់ ដើម្បីផាកពិន័យ ទៅដល់អ្នករកស៊ីតាមអនឡាញ ដែលមិនបានមកចុះបញ្ជីត្រឹមត្រូវជាមួយក្រសួង។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «នាយកដ្ឋានចុះបញ្ជី នៃក្រសួងពាណិជ្ជកម្ម នឹងធ្វើសេចក្តីជូនដំណឹងថ្មីដែលកំណត់ពីកាលបរិច្ឆេទ ក្នុងការអនុវត្តច្បាប់ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការផាកពិន័យ ក្នុងពេលវេលាសមស្របមួយ នាពេលខាងមុខ»។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ឲ្យដឹងថា មកទល់នឹងពេលបច្ចុប្បន្ននេះ នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ពុំទាន់បានទទួលពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅឡើយទេ។ ជាមួយគ្នានេះ លោក ប៉ែន សុវិជាតិ ក៏បានឲ្យដឹងផងដែរថា ប៉ុន្តែនាយកដ្ឋានទទួលបានការសាកសួរព័ត៌មាន អំពីឯកសារតម្រូវ និងលកខ្ខណ្ឌផ្សេងៗជាច្រើន ដើម្បីធ្វើការដាក់ពាក្យស្នើសុំ។ មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា នាពេលយ៉ាងខ្លីខាងមុខនេះ នឹងមានសហគ្រាសឯកបុគ្គល និងក្រុមហ៊ុនជាច្រើន ធ្វើការដាក់ពាក្យស្នើសុំ បន្ទាប់ពីបានបំពេញពាក្យស្នើសុំ និងឯកសារតម្រូវគ្រប់គ្រាន់។ ប៉ុន្ដែក្រសួងពាណិជ្ជកម្ម មិនទាន់ធ្វើការអនុវត្តការផាកពិន័យនេះ នៅឡើយទេ។
លោក ប៉ែន សុវិជាតិ បានលើកឡើងថា នាយកដ្ឋានចុះបញ្ជី កំពុងព្យាយាមធ្វើការផ្សព្វផ្សាយ តាមរយៈសិក្ខាសាលាផ្សេងៗ និងទុកពេលវេលា ឲ្យសហគ្រាសឯកបុគ្គល និងក្រុមហ៊ុនមានការយល់ដឹង និងជ្រួតជ្រាបអំពីការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនេះ។ គូសបញ្ជាក់ថាសេចក្តីព្រាងច្បាប់ ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានរដ្ឋសភាអនុម័តជាស្ថាពរ ក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩។
សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់វិធាន ជាមូលដ្ឋានដ៏សំខាន់ ក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុង និងក្រៅប្រទេស ប្រកបដោយទំនុកចិត្តតាមរយៈ៖
* ការទទួលស្គាល់សុពលភាព អានុភាព ភាពអាចអនុវត្តបាន និងភាពអាចទទួលយកបាន នៃទំនាក់ទំនងអេឡិចត្រូនិក កំណត់ត្រា អេឡិចត្រូនិក និងកិច្ចសន្យាតាមប្រព័ន្ធអេឡិចត្រូនិក
* ព្រមទាំងមានការទទួលស្គាល់ថា ភូតភាពនៃកំណត់ត្រាអេឡិចត្រូនិក និងហត្ថលេខាអេឡិចត្រូនិក ដែលកំណត់ដោយបច្ចេកវិទ្យា និងគ្រប់គ្រងដោយស្ថាប័នរដ្ឋ។
សេចក្តីព្រាងច្បាប់នេះ នឹងរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទីជីថលនៅកម្ពជា ដោយហេតុថា ក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តនានា ដែលគាំទ្រ ដល់សកម្មភាព និងប្រតិបត្តិការ តាមប្រព័ន្ធអេឡិចត្រូនិក និងឌីជីថលចាំបាច់ត្រូវរៀបចំ និងធ្វើបច្ចុប្បន្នភាព ដើម្បីអាចបង្កើតសេដ្ឋកិច្ចទីជីថលរឹងមាំមួយព្រមទាំងត្រៀមទទួលយក នូវការឈានមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤។
ជាងនេះទៅទៀត សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់លទ្ធភាពឲ្យសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា អាចភ្ជាប់ខ្លួន នៅនឹងខ្សែសង្វាក់ផលិតកម្ម និងទីផ្សារក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាជំរុញឲ្យមានការច្នៃប្រឌិត និងការបង្កើតទំនិញ និងសេវាថ្មីៗ បន្ថែមទៀតផងដែរ៕