ក្រោយផ្ទុះឆ្លងកូវីដ១៩ ខ្លាំង វៀតណាមបញ្ជាឱ្យបិទទីក្រុងហូជីមិញ ជាបន្ទាន់
ហាណូយ៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមកាលពីថ្ងៃពុធ បានរាយការណ៍ថា ប្រកាសបិទទីក្រុងហូជីមិញដែលមានពលរដ្ឋ៩លាននាក់ ខណៈដែលទីក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនេះ កំពុងមានការរីករាលដាលនៃជំងឺកូវីដ១៩ ធ្ងន់ធ្ងរបំផុត ។
យោងតាមប្រភពដដែល គឺ វៀតណាមនឹងចាប់ផ្តើមបិទក្រុងហូជីមិញនៅថ្ងៃសុក្រ ក្នុងសប្តាហ៍នេះ ដោយតម្រូវឱ្យពលរដ្ឋទាំងអស់ស្នាក់នៅផ្ទះរយៈពេល២សប្តាហ៍ បន្ទាប់ពីករណីឆ្លងសរុបបានកើនដល់ចំនួន ៨០០០ ករណី ត្រូវបានកត់ត្រានៅក្នុងទីក្រុងក្នុងកំឡុងពេលរលកវីរុសចុងក្រោយ ។
លោក ង្វៀន ថាញផុង អភិបាលក្រុងហូជីមិញ បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងកំពុងប្រឈមនឹងបញ្ហាក្នុងការគ្រប់គ្រងជំងឺរាតត្បាត ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VNExpress ។
គួរជម្រាបថា យ៉ាងហោចណាស់មានទីក្រុងចំនួន១០ បានផ្អាកការហោះហើររបស់ពួកគេជាមួយទីក្រុងហូជីមិញ ខណៈទីផ្សារលក់ដុំធំៗ ចំនួន៣ ត្រូវបានបិទជាបណ្តោះអាសន្ន ផងដែរ ៕