មនុស្ស៨០,០០០នាក់ រងការប៉ះពាល់ ដោយសារករណីផ្ទុះរោងចក្រគីមី នៅក្បែរទីក្រុងបាងកក
(បាងកក)៖ យ៉ាងហោចណាស់ មានមនុស្ស៨០,០០០នាក់បានរងផលប៉ះពាល់ ដោយសារអគ្គីភ័យដ៏ធំសម្បើមមួយ ដែលបង្កឡើងដោយការផ្ទុះរោងចក្រគីមី មីង ឌីហ៍ (Ming Dih Chemical) ដែលស្ថិតនៅស្រុក បាង ភ្លី (Bang Phli) នៃខេត្ត សាមុត ប្រាកាន (Samut Prakan) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post នៅថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។
ហេតុការណ៍ផ្ទុះខាងលើ បានកើតឡើងនៅម៉ោងប្រមាណជា ២៖៥០នាទីទាបភ្លឺកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ក្រុមអ្នកពន្លត់អគ្គីភ័យ បានទទួលជោគជ័យក្នុងការគ្រប់គ្រងសារធាតុគីមី និងពន្លត់អគ្គិភ័យដ៏ធំសម្បើមនេះ ក្រោយចំណាយពេលអស់ ២៦ម៉ោង ហើយមកទល់នឹងបច្ចុប្បន្ន ពួកគេនៅតែបន្តបាញ់ទឹក នៅតាមទីតាំងមួយចំនួន ដើម្បីបញ្ចុះកម្ដៅ និងបង្ការកុំឱ្យមានការផ្ទុះសាជាថ្មី។ តែទោះបែបនេះក្ដី ប្រជាជនដែលរស់នៅក្បែរ ឬចម្ងាយ ៥គីឡូម៉ែត្រពីទីកន្លែងផ្ទុះ មិនទាន់ត្រូវបានអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញនោះទេ រហូតទាល់តែអាជ្ញាធរអាចធានាសុវត្ថិភាពទាំងស្រុងជាមុនសិន។
អភិបាលខេត្ត Samut Prakan លោក Wanchai Kongkasem បានគូសបញ្ជាក់ថា មនុស្សប្រមាណ ៨០,៩១៦នាក់ នៅទូទាំងតំបន់ចំនួន០៤ នៅក្នុងស្រុក Bang Phli ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារអគ្គិភ័យដ៏ធំសម្បើម ដែលបង្កឡើងដោយការផ្ទុះរោងចក្រគីមីខាងលើនេះ។
លោក Wanchai Kongkasem បានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមមនុស្សដែលត្រូវបានរងផលប៉ះពាល់ខាងលើ មានមនុស្សចំនួន ៣៤,៧៣៦នាក់ មកពីគ្រួសារចំនួន ២២,៥៦៣ស្ថិតនៅក្នុងតំបន់ Racha Thewa, មនុស្សចំនួន ១៨,៤៩០នាក់មកពីគ្រួសារចំនួន ១២,៣៦៣ ស្ថិតនៅក្នុងតំបន់ Bang Phli, មនុស្សចំនួន ២៣,២៧៧នាក់ មកពីគ្រួសារចំនួន ១៧,១៨៨ស្ថិតនៅក្នុងតំបន់ Bang Kaew និងមនុស្សចំនួន ៤,៤១៣នាក់ទៀត មកពីគ្រួសារចំនួន ៤,១៧៧ ស្ថិតក្នុងតំបន់ Bang Chalong។
គួរបញ្ជាក់ថា រោងចក្រគីមី Ming Dih Chemical បានបើកដំណើរការអស់រយៈពេល ០៣ទសវត្សមកហើយ ប៉ុន្តែមិនមានការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) នៅទីកន្លែងនោះឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews