ភាគីខាងថៃបាន បំភ្លឺថាការសាងសង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ពីប្រាសាទណាមួយពីកម្ពុជាឡើយ គឺសាងសង់តាមគំនូសប្លង់ខ្លួនឯង

ខេត្តបុរីរម្យ៖ តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ថៃបដិសេធ បានបញ្ជាក់ថា ការសាង សង់ប្រាសានេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬ ប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅ តាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ ។

ការបំភ្លឺរបស់ភាគីថៃនាពេលនេះ ធ្វើឡើងក្រោយពេលដែល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទំនាក់ទំនងនិងសហការយ៉ាង ជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និង ប្រមូលបានព័ត៌មានជាបឋមមួយចំនួន ។

យោងតាម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជា ទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបួឡាយ ឃុំបានស៊ិង ស្រុក ណាងរ៉ង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ។ សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដកពីខាងក្នុង។

តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាង សង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬ ប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅ តាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។

ដោយឡែក តំណាងអ្នកសម្របសម្រួល នៃគម្រោងស្ថាបនាប្រាសាទក៏ស្វាគមន៍ក្នុងការទទួលស្នើឱ្យមន្ត្រីជំនាញផ្នែក ស្ថាបត្យកម្មកម្ពុជាចុះពិនិត្យដោយផ្ទាល់បានក្នុងករណីមានការមន្ទិលសង្ស័យ។

ទោះបីជាយ៉ាងណា ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បញ្ជាក់ថា ក្រសួងនឹងធ្វើការហើយតាមដានការងារនេះជាបន្តដោយយកចិត្តទុកដាក់ទៅលើករណីជាបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds