ឯកឧត្ដម ពេជ្រ ស្រស់ រលឹកអំពីការជួបគ្នាលើកដំបូងជាមួយលោក ផន ផល្លា នៅខេត្តសៀមរាប
(ភ្នំពេញ)៖ ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានរលឹកអំពីការជួបគ្នាលើកដំបូង ជាមួយលោក ផន ផល្លា ដែលបច្ចុប្បន្នជាអនុប្រធានគណបក្សយុវជនកម្ពុជា ហើយកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩។
ឯកឧត្ដម ពេជ្រ ស្រស់ បានសរសេរនៅលើគណនីហ្វេសប៊ុក នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះថា «លោក ផន ផល្លា ជាកូនខ្មែរម្នាក់ ដែលលះបង់គ្រប់យ៉ាង ដើម្បីជាតិសាសន៍របស់គាត់ ជាពិសេស ដើម្បីកុមារកំព្រា និងជនទីទល់ក្រ ក្រៅពីមាន បេះដូងមនុស្សធម៌មិនប្រកាន់និន្នាការ លោក ផន ផល្លា គឺ ជាបុគ្គលម្នាក់ស្រលាញ់ជាតិខ្មែរគួរឲ្យកោតសរសើរបំផុត»។
ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរបន្តថា «លោក ផន ផល្លា បានស្គាល់ខ្ញុំលើកដំបូងក្នុងទឹកដីខេត្តសៀមរាប ហើយ យើងក៏មិនបានជជែកគ្នាយូរទេ ដោយសារខ្ញុំទទួលជួបភ្ញៀវច្រើនពេក នៅក្នុងពេលតែមួយ ប៉ុន្តែយើងបានធ្វើការងារ នយោ បាយជាមួយគ្នាបានយូរ និងធ្វើការងារយល់គ្នាច្រើន ជាពិសេសចេះសាមគ្គីគ្នាបានល្អនៅក្នុងក្រុម។ សូមព្រះយេស៊ូទ្រង់ គង់នៅជាមួយលោក ផន ផល្លា ព្រមទាំងសូមទ្រង់ព្យាបាលលោកឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដ១៩ផងចុះ»៕