ឯកឧត្ដម ពេជ្រ ស្រស់ បង្ហាញអារម្មណ៍រីករាយ ក្រោយទទួលព័ត៌មានថា លោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជា បានធូរស្រាលពីជំងឺកូវីដ-១៩
(ភ្នំពេញ)៖ ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហាញអារម្មណ៍រីករាយ ក្រោយទទួលព័ត៌មានថា សហការីដ៏ល្អម្នាក់របស់ឯកឧត្ដម គឺលោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជា បានធូរស្រាលពីជំងឺកូវីដ-១៩។
ឯកឧត្ដម ពេជ្រ ស្រស់ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុក នាយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះថា «គ្មានដំណឹង ណារីករាយ ជាងដំណឹងអ្នកជំងឺបានធូរស្រាលនោះឡើយ ខណៈនេះលោក ផន ផល្លា អនុប្រធានរបស់ខ្ញុំបានធូរស្រាលខ្លះ ហើយពីជំងឺកូវីដ១៩ ខ្ញុំសូមអរគុណគ្រូពេទ្យ និងសូមអរគុណដល់ព្រះយេស៊ូ ដែលទ្រង់នៅជាមួយចាំជួយលោក ផន ផល្លា ជានិច្ច»។
សូមជម្រាបថា ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកទឹកចិត្តដល់សហការីដ៏ល្អម្នាក់ គឺលោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជា ត្រូវតស៊ូប្រយុទ្ធនឹងជំងឺកូវីដ-១៩ឲ្យបាន ខណៈនៅសល់ការងារជាច្រើនទៀត ដែល ត្រូវធ្វើរួមគ្នាបន្តទៀត។
ឯកឧត្ដម ពេជ្រ ស្រស់ បានសរសេរនៅលើគណនីហ្វេសប៊ុក នាវេលាទើបភ្លឺថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ថា «ខ្ញុំតែងតែការ ពារ ផល្លា ឯងគ្រប់ពេល ដែលគេមិនពេញចិត្តសក់របស់ ផល្លា ឯង ហើយមានពេលខ្លះខ្ញុំក៏ឈ្លោះជាមួយនឹងគេ ដោយសារតែ សក់ ផល្លា ឯងដែរ ហើយពេញមួយល្ងាចរហូតដល់ពេលនេះ(3:04ជិតភ្លឺ)ខ្ញុំក៏បាននៅការពារផល្លាដែរ ខ្ញុំបានបញ្ជាយ៉ាង ម៉ឺងមាត់តាំងពីម៉ោង5ល្ងាចឲ្យយក ផល្លា ឯងចេញពីពេទ្យ ដែល ផល្លា ឯងមិនចង់ចេញ ដោយខ្ញុំមិនទុកចិត្តនូវមន្ទីរពេទ្យនោះ អាចការពារជីវិតផល្លាឯងបាន ហើយខ្ញុំក៏បានយក ផល្លា ឯងចេញបានសម្រេចទៅមន្ទីរពេទ្យដែលអាចទុកចិត្តបាន រីឯលទ្ធ ផលចុងក្រោយ គឺថាយើងបានដឹងច្បាស់អំពីជំងឺ ផល្លា ឯងពិតមែន ដោយ ផល្លា ឯងផ្ទុកមេរោគកូវីដ»។
ឯកឧត្ដម ពេជ្រ ស្រស់ បានសរសេរទៀតថា «ដូច្នេះយើងអាចចាត់ទុកបានថា វាមិនទាន់យឺតពេលទេគឺ ត្រូវការផល្លាឯង ប្រយុទ្ធដោយខ្លួនឯងម្តង ប្រឹងឡើងផល្លា ព្រោះយើងនៅមានការងារច្រើនណាស់ ដែលរង់ចាំពួកយើងធ្វើរួមគ្នា ដើម្បីជួយ ដល់អ្នកទន់ខ្សោយ»៕