ឯកឧត្ដម ពេជ្រ ស្រស់៖ សម្រាប់គណបក្សយុវជនកម្ពុជា យើងមិនដើរសន្យាចោលទេ គឺយើងធ្វើតែម្តង
(ភ្នំពេញ)៖ ឯកឧត្ដម ពេជ្រ ស្រស់ បានអះអាងថា គណបក្សយុវជនកម្ពុជា ដែលមានឯកឧត្ដមជាប្រធាន មិនដើរសន្យាចោលនោះទេតែធ្វើតែម្តង និងចូលរួមជួយប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ដោយគ្មានលក្ខខណ្ឌ។
ឯកឧត្ដម ពេជ្រ ស្រស់ បានសរសេរនៅលើគណនីហ្វេសប៊ុក នាយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះថា គណបក្សនយោបាយនៅកម្ពុជា កំពុងតែបង្កើតឡើងយ៉ាងគំហុកគួរឲ្យកត់សម្គាល់។ ដូច្នេះគឺប្រជាពលរដ្ឋមានជម្រើសច្រើនណាស់ ក្នុងការជ្រើសរើសមេដឹកនាំ ឬគណបក្សនយោបាយណាមួយ ដែលខ្លួនស្រលាញ់។ ក៏ប៉ុន្តែសូមប្រជាពលរដ្ឋ គិតឲ្យបានហ្មត់ចត់មុននឹងធ្វើការសម្រេចចិត្តជ្រើសរើស ដើម្បីកុំឲ្យស្តាយក្រោយ ដោយរើសក្រុមណាដែលនៅជាមួយយើងគ្រប់កាលៈទេសៈ ហើយចាំជួយយើងនៅពេលយើងជួបទុក្ខ ឬជួបរឿងអយុត្តិធម៌។
ឯកឧត្ដម ពេជ្រ ស្រស់ បានសរសេរបន្តថា «សម្រាប់គណបក្សយុវជនកម្ពុជា យើងមិនដើរសន្យាចោលទេ គឺយើងធ្វើតែម្តង និងចូលរួមជួយបងប្អូន ដែលជាម្ចាស់ឆ្នោតដោយគ្មានលក្ខខណ្ឌ»។ គួរកត់សម្គាល់ថា កន្លងមកគណបក្សយុវជនកម្ពុជា ដែលមានឯកឧត្ដម ពេជ្រ ស្រស់ ជាប្រធានតែងតែឈឺឆ្អាលជាបន្តបន្ទាប់ ទៅលើបញ្ហាដែលកើតឡើងក្នុងសង្គម ជាពិសេសទៅលើបញ្ហាជំលោះដីធ្លី ដែលប្រជាពលរដ្ឋបានស្នើសុំ ឲ្យជួយអន្តរាគមន៍ក្នុងនាមឯកឧត្ដម ពេជ្រ ស្រស់ ជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់៕