មនុស្សជំនិតរបស់លោក កឹម សុខា៖ បើគ្រាន់តែអ្នកប្រជាធិបតេយ្យដូចគ្នា មិនអាចរកស្មារតីរួបរួមគ្នាបានផង ធ្វើម៉េចអាចបង្រួបបង្រួមសម្លេងឆ្នោត ដើម្បីទទួលជ័យជម្នះបាន!

(ភ្នំពេញ)៖ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើង ថា​ បើគ្រាន់តែអ្នកប្រជាធិបតេយ្យដូចគ្នា មិនអាចរកស្មារតីរួបរួមគ្នាបានផង ធ្វើម៉េចអាចបង្រួបបង្រួមសម្លេងឆ្នោត ដើម្បីទទួល ជ័យជម្នះបាន!។​ ការលើកឡើងនេះ គ្រាដែលអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្ស​សង្រ្គោះ​​ជាតិ បានចេញទៅបង្កើត គណ បក្សថ្មីៗ​ចំនួន៥ជាបន្តបន្ទាប់។

លោក មុត ចន្ថា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា សិទ្ធិនយោបាយរបស់អ្នកគ្មាននរណាហាមឃាត់នោះទេ ប៉ុន្តែអ្នកនឹងត្រូវស្តីបន្ទោស និងដាក់ការសង្ស័យអំពីមូលហេតុដែលមិនអាចរួបរួមគ្នាបាន ដោយសារតែៈ ១)អ្នកមិនចង់ឈ្នះ ២)អ្នកចង់បានត្រឹមជាអ្នកកំដរ ៣)អ្នកស្វែងរកលាភសក្ការៈ។

មនុស្សជំនិតរបស់លោក កឹម សុខា រូបនេះ បានសរសេរបន្តថា «ក្នុងករណីនេះ អ្នកមិនអាចអះអាងថា អ្នកបង្កើតគណ​បក្ស​ដើម្បីស្វែងរកការរក្សានូវតុល្យភាពនយោបាយ និងតុល្យភាពអំណាច សំដៅធានាដល់លំហប្រជាធិបតេយ្យ ការគោរពនិង​ការការពារសិទ្ធិ-សេរីភាព។ អ្នកអាចនឹងអះអាងថា ការបង្កើតគណបក្សចូលរួមបោះឆ្នោតនៅពេលខាងមុខ ទោះបានកៅ​តិចតួច ប្រសើរជាងដេកចាំ គំនិតនេះអាចមានហេតុផលខ្លះ ប៉ុន្តែអ្នកនិងបក្សរបស់អ្នកនៅតែចាញ់ដដែល ហើយអ្នកក៏មិន​អាចជួយអ្វីដល់ជាតិ ដូចដែលអ្នកអះអាងឡើយ»។

លោកថា សរុបមកវិញ អ្នកនឹងចាញ់ ហើយនិងចាញ់រហូត ដោយសារតែអ្នកមានគំនិតអស្មិមានះ និងអាត្មានិយម។ អ្នក​តម្កល់​ប្រយោជន៍ផ្ទាល់ខ្លួន និងបក្សរបស់អ្នកខ្ពស់ជាងបំណងប្រាថ្នា និងប្រយោជន៍ជាតិ-ប្រជាពលរដ្ឋជាធំ។

បើតាមលោក មុត ចន្ថា អ្នកមិនអាចឆ្លើយសំណួរមួយចេញទេៈ ហេតុអីអ្នកមិនអាចរួបរួមក្នុង​ចំណោមអ្នកស្រឡាញ់​ប្រជាធិប​តេយ្យដូចគ្នាបាន? អ្នកមិនអាចចោទបក្សកាន់អំណាចថា បង្ខិតបង្ខំអ្នកមិនឱ្យរួបរួមគ្នាទេ ព្រោះដោយសារតែអ្នកខ្លួនឯង អស្មិ​មានះ និង អាត្មានិយម!៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds