ឯកឧត្ដម ពេជ្រ ស្រស់៖ ទណ្ឌិត សម រង្ស៊ី មិនអាចជួយកែឈ្មោះឪពុកលោក ឲ្យរួចផុតពីជនក្បត់ជាតិបានឡើយ

(ភ្នំពេញ)៖ ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី មិនអាចជួយស្ដារកេរ្ដិ៍ឈ្មោះ ឪពុករបស់ខ្លួនឲ្យរួចផុតពីជនក្បត់ជាតិបានឡើយ។ មិនត្រឹម​តែមិនអាច ជួយស្ដារនោះទេ ថែមទាំងអតីតមេបក្សប្រឆាំងរូបនេះ កំពុងតែបង្កើតពូជ ក្បត់ជាតិក្នុងវង្សត្រកូលរបស់ខ្លួន ឲ្យជាប់​នៅក្នុងប្រវត្តិសាស្រ្តខ្មែរ នៅគ្រប់ជំនាន់តែម្តង។

ការលើកឡើងរបស់ឯកឧត្ដម ពេជ្រ​ ស្រស់ ខាងលើនេះ គ្រាដែលទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០​២១នេះ បានបង្ហោះសារប្រមាថ ព្រះករុណា​ព្រះបាទ​ សម្តេចព្រះ​ បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រនៃ​ព្រះរាជាណា​ចក្រ​កម្ពុជា។

បន្ទាប់ពីឃើញការបង្ហោះនេះភ្លាម ឯកឧត្ដម ពេជ្រ ស្រស់ បានសរសេរលើកឡើងនៅក្នុងគណនីហ្វេសប៊ុកថា «លោក Sam Rainsy បាននឹងកំពុងដើរជាន់ដានឪពុករបស់លោក (សម សារី) ហើយក៏កំពុងធ្វើឲ្យខ្លួនលោក​ធ្លាក់ក្នុងជ្រោះអវិជ្ជាដែល​ពិបាកព្យាបាល ដោយលោក Sam  Rainsy ក៏បានដឹងហើយថា ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាជំពូកទី2 មាត្រា៧ បានចែង​ច្បាស់ណាស់ថា អង្គ ព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យប៉ុន្តែមិនកាន់អំណាចឡើយ ហើយព្រះអង្គមិនអាចនរណារំ​លោភ​បំពាន​បានឡើយ ដូច្នេះការប្រមាថរបស់លោក Sam Rainsy លើអង្គព្រះមហាក្សត្រគឺជាការប្រមាថ “ជាតិសាសន៍ខ្មែរ”ទាំងមូល ហើយបានរំលោភបំបាននូវ ព្រះកិត្តិយស ព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនអាចទទួលយកបានទេ»។

ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរបន្តទៀតថា «ម្យ៉ាងវិញទៀតលោក Sam Rainsy មិនអាចជួយកែ​ឈ្មោះឪពុក​លោកឲ្យរួចផុតពីជនក្បត់ជាតិបានឡើយ ផ្ទុយទៅវិញលោក Sam Rainsy កំពុងតែបង្កើតពូជក្បត់ជាតិ ក្នុងវង្សត្រកូលរបស់​លោក ឲ្យជាប់នៅក្នុងប្រវត្តិសាស្រ្តខ្មែរ នៅគ្រប់ជំនាន់តែម្តង»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds