សូមកុំកោសខ្យល់ឱ្យសោះ បើអ្នកមានជំងឺប្រភេទទាំងនេះ
ការកោសខ្យល់ជាវិធីសាស្ត្រពេញនិយមមួយរបស់ប្រជាជនកម្ពុជា ក្នុងការព្យាបាលអាការខ្យល់គរ ផ្ដាសាយ ឈឺក្បាល និងចុកចាប់ផ្សេងៗ ជាដើម។ ប្រជាជនខ្មែរយើងភាគច្រើនយល់ថាពួកគេមានអារម្មណ៍ធូរស្រាលក្រោយកោសខ្យល់ដោយពុំចាំបាច់ប្រើថ្នាំពេទ្យ។ ចំពោះអ្នកខ្លះទៀតយល់ថាការកោសខ្យល់នេះជាវិធីដែលងាយស្រួលនិងមិនចាំបាច់ចំណាយលុយច្រើន ដូចថ្នាំពេទ្យ។
ប៉ុន្តែការកោសខ្យល់គ្រោះថ្នាក់ខ្លាំង ចំពោះមនុស្សវ័យកណ្ដាលឬមនុស្សចាស់ដែលមានជំងឺ លើសឈាម លើសជាតិខ្លាញ់ និងទឹកនោមផ្អែម។ យោងតាមការសម្ភាសន៍ជាមួយវេជ្ជបណ្ឌិត ផ្នែកទូទៅ លី ឬទ្ធីគុណ បានពន្យល់ពីផលប៉ះពាល់នៃការកោសខ្យល់ដូចនេះថា ការកោសខ្យល់គឺងាយស្រួលហើយអាចធ្វើគ្រប់ពេល ហើយអ្នកជំងឺមានអារម្មណ៍ធូរស្រាលពីការឈឺចុកចាប់ គឺដោយសារតែជាតិសាលីស៊ីឡាត ដែលមានក្នុងប្រេងកូឡា ឬប្រេងខ្យល់ដែលវាអាចជួយបន្ថយអាការឈឺចុកចាប់។
ប៉ុន្តែការកោសខ្យល់បណ្ដាលឲ្យបែក ឬដាច់សរសៃឈាមតូចៗក្រោមស្បែក ត្រង់កន្លែងដែលបានកោសនោះ ដែលយើងហៅថាស្នាមកោសខ្យល់។ ចំពោះអ្នកមានជំងឺលើសឈាម នៅពេលកោសខ្យល់ យើងប្រើកម្លាំងដៃសង្កត់កោស ប្រៀបដូចជាច្របាច់សរសៃឈាមដែលបណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់ ជាមួយនឹងរំញោចនៃភាពឈឺចាប់ពីការកោស ទាំងពីរយ៉ាងនេះធ្វើឲ្យឈាមបុកខ្លាំងដែល ធ្វើឲ្យអ្នកជំងឺដាច់សរសៃឈាមស្លាប់។
ចំពោះអ្នកលើសជាតិខ្លាញ់ វិញគឺគ្រោះថ្នាក់ដោយសារ សរសៃឈាមរបស់គាត់ បានត្បៀតជាមួយខ្លាញ់រួចទៅហើយ ដូច្នេះនៅពេលកោសវាបណ្ដាលឲ្យដាច់សរសៃឈាម ធ្វើឲ្យមានកំណកឈាមតូចៗ ហើយកំណកឈាមនោះបានហូរតាមសរសៃឈាមដងខ្លួនទៅស្ទះខួក្បាល, បេះដូង, សួត, ជាកន្លែងដែលមានសរសៃតូចៗដែលបណ្ដាលឲ្យស្ទះសរសៃឈាមស្លាប់។ លោកវេជ្ជបណ្ឌិត បន្ថែមថា “អ្នកមានជំងឺទឹកនោមផ្អែមក៏មិនគួរកោសដែរ ព្រោះអ្នកជំងឺទឹកនោមផ្អែមតែងមានអាការលើសឈាម និងលើសជាតិខ្លាញ់នេះឯង។”