ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «មន្ត្រីម្នាក់នៃគណបក្ស NLD ស្លាប់ក្នុងមន្ទីរឃុំឃាំង, បាតុកម្មទ្រង់ទ្រាយធំ កើតឡើងនៅថ្ងៃច័ន្ទនេះ»
(រ៉ង់ហ្គូន)៖ មន្ត្រីម្នាក់នៃគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាជាធិបតេយ្យ (NLD) របស់លោកស្រី អោង សាន ស៊ូ ជី បានស្លាប់កំឡុងជាប់ឃុំក្នុងមន្ទីរឃុំឃាំងមួយ នៅប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរូបគេត្រូវបានចាប់ខ្លួនដោយកងកម្លាំងសន្តិសុខ នៅក្នុងទីក្រុងរ៉ង់ហ្គូន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១។
សាកសពរបស់លោក យូ ឃីន ម៉ង់ ឡាត (U Khin Maung Latt) ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ា ប្រគល់ឱ្យក្រុមគ្រួសារវិញកាលពីថ្ងៃអាទិតម្សិលមិញ។ បើតាមអាជ្ញាធរមន្ត្រីគណបក្ស NLD រូបនេះស្លាប់ដោយសារខ្យល់គរ ក៏ប៉ុន្តែបើតាមក្រុមសកម្មជន និងសាក្សីមួយចំនួន លោក U Khin Maung Latt មានអាយុ ៥៨ឆ្នាំ ត្រូវបានប៉ូលិស និងទាហានវាយទាត់ធាក់ កំឡុងប្រតិបត្តិការចាប់ខ្លួនរូបលោក កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ។
គួរបញ្ជាក់ថា មនុស្សច្រើនជាង ៥០នាក់ហើយបានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា គិតចាប់តាំងពីមានរដ្ឋប្រហារ កាលពីថ្ងៃទី០១ ខែកុម្ភៈមក។ តែទោះជាមានការបង្រ្កាបយ៉ាងក្តៅគគុកក្តី ក៏ក្រុមបាតុករនៅតែមិនបានបង្ហាញសញ្ញាដកថយឡើយ ហើយពួកគេនៅតែបន្តធ្វើបាតុកម្មតវ៉ា ខណៈសម្ព័ន្ធសហជីពដ៏មានឥទ្ធិពល នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានអំពាវនាវឲ្យធ្វើកូដកម្មនៅទូទាំងប្រទេស ដោយចាប់ផ្តើមនៅថ្ងៃចន្ទ ទី០៨ ខែមីនានេះ៕