ព្រឹកនេះក្រសួងសុខាភិបាលប្រកាសរកឃេីញអ្នកឆ្លងកូវីដ១៩ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ១៥នាក់ និងនាំចូល២ករណី,មានជាសះស្បេីយ៣ករណី
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១៧នាក់ថែមទៀត ដែលក្នុងនោះមានករណីវិជ្ជមាន ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» មានចំនួន១៥នាក់។
នៅថ្ងៃនេះផងដែរ ក្រសួងសុខាភិបាលក៏បានប្រកាស ពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ជាសះស្បើយផងដែរ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ថ្មីទាំង១៧នាក់នេះរួមមាន៖ ជនជាតិឆេកម្នាក់ ដែលអ្នកធ្វើដំណើរមកពីប្រទេសឆេក, ជនជាតិចិនចំនួន១៤នាក់ និងវៀតណាមម្នាក់ ដែលជាអ្នកពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» និងបុរសជនជាតិខ្មែរម្នាក់ ដែលបានធ្វើដំណើរមកពីប្រទេសថៃ។
ដោយឡែកសម្រាប់អ្នកជាសះស្បើយ៣នាក់រួមមាន៖ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ និងស្ត្រីជនជាតិចិនម្នាក់ ដែលធ្វើដំណើរមកពីក្រៅប្រទេស និងស្ត្រីជនជាតិខ្មែរម្នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ។
ជាមួយគ្នានេះ ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍វិធានការការពារខ្លួន ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺ ត្រូវអនុវត្តន៍នូវវិធានការ ៣ការពារ និង៣កុំ, ត្រូវចូលរួមធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ, អ្នកពាក់ព័ន្ធ ១៤ថ្ងៃមុនព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ត្រូវមកធ្វើតេស្ត នៅមណ្ឌលសុខភាពចាក់អង្រែ, ត្រូវចូលរួមផ្តល់ព័ត៌មានបុគ្គល ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ, បើមិនចាំបាច់សូមនៅផ្ទះ និងមិនត្រូវរើសអើងអ្នកដែលឆ្លងកូវីដ១៩ នោះឡើយ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦០នាក់៕