ល្ងាចនេះការពារជាតិប៉ះបឹងកេត ខណៈស្វាយរៀងរំពឹងបាន៣ពិន្ទុទៀត
វេលាម៉ោង៦ល្ងាចថ្ងៃសៅរ៍នេះ នៅទីលានស្តាតចាស់ ក្រុមក្រសួងការពារជាតិត្រូវទទួលស្វាគមន៍ក្រុមខ្លាំងដូចគ្នាបឹងកេតដែលជាគូគួរឲ្យចាប់អារម្មណ៍។ ស្របពេលព្រះខ័នរាជស្វាយរៀងអាចនឹងបាន៣ពិន្ទុបន្ថែមទៀត បន្ទាប់ពីធ្វើបានល្អ៤សប្តាហ៍កន្លងទៅ។
ឆ្លងកាត់៤សប្តាហ៍កន្លងនៃលីគកម្ពុជា២០១៩នេះ ក្រសួងការពារជាតិមាន១០ពិន្ទុ ឈរនៅលេខរៀងទី២នៃតារាង បន្ទាប់ពីឈ្នះ៣ប្រកួត និងស្មើ១ដែលមិនទាន់ស្គាល់បរាជ័យឡើយ។ ចំណែកបឹងកេតដែលដើរតួជាភ្ញៀវវិញ កំពុងឈរលេខរៀងទី៦ដោយមាន៧ពិន្ទុ បន្ទាប់ពីឈ្នះ២ប្រកួត ស្មើ១ និងចាញ់១ប្រកួត។ គូនេះច្បាស់ជាគួរឲ្យចាប់អារម្មណ៍ ហើយមានអ្នកគាំទ្រច្រើនជាក់ជាមិនខានឡើយ។
នៅថ្ងៃសៅរ៍ម៉ោង៣:៣០នាទីរសៀល ព្រះខ័នរាជស្វាយរៀងធ្វើដំណើរមកទីក្រុងដើម្បីយក៣ពិន្ទុពីក្រុមអគ្គិសនីកម្ពុជា។ ៤សប្តាហ៍កន្លងទៅ ស្វាយរៀងបង្កការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីឈ្នះទាំង៤ប្រកួត ជាពិសេសចុងក្រោយឈ្នះភ្នំពេញក្រោន ៥-១ ដើម្បីមាន១២ពិន្ទុពេញ កំពុងឈរលើកំពូលតារាង។ ចំណែកអគ្គិសនីកម្ពុជាដែលមានកីឡាករបរទេសកំពុងស្ថិតនៅលេខ៨ មាន៦ពិន្ទុពីការឈ្នះ២ប្រកួត និងចាញ់២ប្រកួត។ គូនេះត្រូវអ្នកគាំទ្រគិតថា ស្វាយរៀងមានភាគរយខ្ពស់ក្នុងការទទួលបានជ័យជម្នះ៕