ប្រធានគណបក្សយុវជនកម្ពុជា ប្រទេសថៃ និងប្រទេសភូមាជាថ្នាំបន្សាបឥទ្ធិពលរបស់ សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ានដែលប្រទេសទាំង២ធ្វើរដ្ឋប្រហារដោយយោធាផ្ទុយពីគោលការលទ្ធិប្រជាធិបតេយ្យ
ថ្លែងលើទំព័រហ្វេសប៊ុកនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ប្រធានគណបក្សយុវជនកម្ពុជា ឯកឧត្តម ពេជ្រ ស្រស់ លើកឡើងថា ការធ្វើរដ្ឋប្រហារនយោបាយនៅប្រទេសថៃគឺជាគំរូអាក្រក់ដល់ប្រទេសក្នុងតំបន់អាស៊ាន ត្បិត នយោបាយដ៏អាក្រក់នេះ បានឆ្លងដល់ប្រទេសភូមា ហើយវាអាចនឹងបន្តទៅដល់ប្រទេសដទៃទៀតមិនខាន ម្យ៉ាងវិញទៀត នយោបាយប្រទេសថៃក៏ជាថ្នាំបន្សាប ឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ានផងដែរ។
ប្រធានគណបក្សយុវជនកម្ពុជារូបនេះ គូសបញ្ជាក់ថា ការផ្លាស់ប្តូរដោយការផ្តួលរំលំមិនមានផលល្អសម្រាប់ជាតិនោះទេ មានតែភាពវិនាសហិនហោច និងបណ្តាលឲ្យពលរដ្ឋរងទុកខ្លោចផ្សារប៉ុណ្ណោះ ដូច្នេះការអនុវត្តរបស់កម្ពុជាតាមរបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលតម្រូវឲ្យមានការផ្លាស់ប្តូរតាមរយៈនៃការបោះឆ្នោតដែលជាការសំដែងឆន្ទៈរបស់ពលរដ្ឋជាម្ចាស់ប្រទេសនោះ គឺជាដំណើរការដែលអាចរក្សាសុភមង្គលជូនជាតិ និងប្រជាជនបាន១០០%។
ការថ្លែងនេះគឺស្របពេលនយោបាយរបស់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ានកំពុងជួបវិបត្តិធ្ងន់ធ្ងរដោយការផ្តួលរំលំគ្នាដោយប្រើអំណាចយោធា។
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ កងទ័ព ភូមា បាន ធ្វើ រដ្ឋប្រហារ ទម្លាក់ រដ្ឋាភិបាល ស៊ីវិល ដែល ដឹក នាំ ដោយ គណបក្ស សម្ព័ន្ធជាតិ ដើម្បី ប្រជាធិបតេយ្យ របស់ លោកស្រី អ៊ុង សានស៊ូជី ចំណែក រូប លោក ស្រី ស៊ូជី រួម ទាំង ថ្នាក់ដឹកនាំ ជា ច្រើន រូប ក៏ ត្រូវ បាន កងទ័ព ចាប់ ខ្លួនផងដែរ។ មកទល់នឹងពេលនេះ ប្រទេសលោកសេរី សហគមន៍អឺរ៉ុប និងមហាអំណាចចិន ជាដើមកំពុងនាំគ្នា រិះគន់ និងព្រមាន របបសឹកភូមាយ៉ាងចាស់ដៃ។
កាល ពី ថ្ងៃទី២២ ឧសភា ឆ្នំា ២០១៤ រដ្ឋប្រហារ យោធាបានផ្ទុះឡើងដែលដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា ទម្លាក់នាយករដ្ឋមន្ត្រីថៃនាពេលនោះគឺ អ្នកស្រី យ៉ីង ឡាក់ស៊ីណាវ៉ាត្រា ពីតំណែង។ លើសពីនេះ លោក ប្រាយុទ្ធ ចាន់អូចា បាន ប្រកាស បញ្ចប់ តំណែង រដ្ឋាភិបាល ស៊ីវិល ចំាផ្ទះ និង ប្រកាស ព្យួរ រដ្ឋធម្មនុញ្ញ ព្រម ទំាង ចាត់ វិធានការ មួយ ចំនួន មាន ដូច ជា ហាមមិនឲ្យមានការជួបជុំ លើសពី ៥នាក់ នៅតាមទីធ្លាសាធារណៈ ឬ មួយ ក៏បិទខ្ទប់បណ្តាញសង្គមជាដើម៕