អគារសិក្សា០៨ខ្នង១៦០បន្ទប់នៅរាជធានីភ្នំពេញ ត្រូវរាជរដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយ
(ភ្នំពេញ)៖ អគាសិក្សាដែលជាហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងគម្រោងពង្រីកសាលាមធ្យមសិក្សា នៅក្នុងរាជធានីភ្នំពេញ ចំនួន៨ខ្នង ស្មើនឹង១៥៧បន្ទប់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានចូលសិក្សា។
នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅក្នុងទីតាំងវិទ្យាល័យព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្រោមវត្តមានលោក ឃូង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហូរីណូអូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពី ប្រជាពលរដ្ឋ សិក្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ ជាច្រើននាក់ទៀត។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានឱ្យដឹងថា សម្រាប់វិស័យអប់រំនៅរាជធានីភ្នំពេញ ក្នុងចន្លោះឆ្នាំ២០០៥ដល់២០១៥ បានទទួលហិរញ្ញប្បទាន ពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ ចៃកា នូវអគារសិក្សាសម្រាប់បថមសិក្សា ដែលមានកម្ពស់ចាប់ ពី៣ដល់៥ជាន់ចំនួន៣លើក មាន១៨ខ្នង ស្មើ៣២០បន្ទប់ នៅសាលាបថមសិក្សា១៨សាលា ដោយ គម្រោងនេះ គ្រប់គ្រងអនុវត្តដោយភាគីជប៉ុន។ ដោយឡែកស្ថានទូតជប៉ុនប្រចាំកម្ពុជា បានផ្តល់ជំនួយ ឥតសំណង នៃគម្រោងការទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ ( គូសាណូណិ) ដើម្បីគាំទ្រអភិវឌ្ឍ វិស័យអប់រំនៅរាជធានីភ្នំពេញ មានអគ្គាសិក្សា៧ខ្នង៤៦បន្ទប់។ ក្រោយមកក៏មានការណែនាំពីJica ឱ្យស្នើសុំសាងសង់អគារសិក្សា ដែលមានកម្ពស់ ចាប់ពី៣ដល់៥ជាន់ ទៅរាជរដ្ឋាភិបាលជប៉ុន សម្រាប់មធ្យមសិក្សា នៅរាជធានី។ សំណើរនេះ ក៏ត្រូវបានភាគីជប៉ុន យល់ព្រម និងផ្តល់ជូន ជាហូរហែរ។
លោកបញ្ជាក់ថា បន្ទាប់ពីបញ្ចប់គម្រោងសាងសង់អគារសិក្សា៨ខ្នងនេះ នៅសល់ថវិកាខ្លះត្រូវបានភាគី ជប៉ុនអនុញ្ញាតិ ជូនរដ្ឋបាលរាជធានីភ្នំពេញប្រើប្រាស់ រៀបចំបណ្ណាល័យ ជួសជុលបន្ទប់រៀន រៀបចំ ហេដ្ឋារចនាសម្ព័ន្ធ បំពាក់សង្ហារឹម និងការថែទាំនានាក្នុងសាលា។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន និងក្នុងក្របខណ្ឌ កិច្ចសហប្រតិបត្តិ ការ រវាងសាលារាជធានីភ្នំពេញ និងស្ថានទូតជប៉ុន តាមរយៈទីភ្នាក់ងារ Jica ប្រចាំកម្ពុជា បានផ្តល់នូវជំនួយអភិវឌ្ឍន៍ ផ្លូវការ ដែលមានជំនួយឥតសំណង និងកម្ចីឥនទានជាច្រើន ក្នុងនោះសម្រាប់រាជធានីភ្នំពេញ ចាប់ពីឆ្នាំ១៩៩៨មក ជប៉ុនបានរួមចំណែកក្នុងការអភិវឌ្ឍន៍លើគម្រោងធំៗជាច្រើន ។ ជាក់ស្តែង អគារសិក្សា០៨ខ្នង នៅអនុវិទ្យាល័យ និងវិទ្យាល័យចំនួន៨ ដែលជាជំនួយឥតសំណង ក្នុងគ្រោងពង្រីកសាលាមធ្យម សិក្សា នៅរាជធានីភ្នំពេញ ដេឡជាសក្ខីភាពបញ្ជាក់ពីការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការ រវាង រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពជោគជ័យថ្មីមួយទៀត របស់រាជរដហឋាភិបាលកម្ពុជា ក្នុងការអនុវត្តនយោបាយ កំណែទម្រង់ ស៊ីជម្រៅលើវិស័យអប់រំ តាមរយៈការធ្វើឱ្យប្រសើរឡើង នូវគុណភាពអប់រំ ដើម្បីកសាង និងអភិវឌ្ឍធនធានមនុស្សឱ្យមានគុណភាព សុជីវធម៌ និងគុណធម៌ សំដៅឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រោះការផ្តល់សេវាអប់រំ ប្រកបដោយ វិជ្ជាជីវៈ និងគណនេយ្យភាព ជាមូលដ្ឋាន គឺជាបុព្វហេតុសម្រាប់កសាងសង្គមមួយប្រកបដោយ និរន្តរភាព ទាំងក្នុងក្របខ័ណ្ឌថ្នាក់ជាតិ ទ្វេភាគី សហគមន៍អាស៊ាន និងពិភពលោកផងដែរ៕
អត្ថបទ៖ រតនៈ