លោកឧកញ៉ា ទេព ភារម្យ ត្រូវបានអាជ្ញាធរស្រុកពញ្ញាឮ គ្រោងនិងកោះហៅ មកតទល់គ្នាជាមួយប្រជាពលរដ្ឋនៅសប្តាហ៍ក្រោយ
កណ្តាល ÷ លោក ផន សុវណ្ណា អភិបាលស្រុកពញាឮ ថ្លែងប្រាប់Fast News ថ្ងៃទី២៦ខែមករា ឆ្នាំ២០២១ នេះ ថា លោកនឹងកោះអញ្ជើញឧកញ៉ា ទេព ភារម្យ និង ប្រជាពលរដ្ឋនៅភូមិពាមលង្វែក ឃុំកំពង់ហ្លួង មកតទល់គ្នានៅសាលាស្រុកពញាឮ នៅសប្តាហ៍ក្រោយ នេះ ។
លោកអភិបាលស្រុកពញាឮបន្តថា បើសិនជារកឃើញ ថា លោកឧកញ៉ា ទេព ភារម្យ ពិតជាបានទិញដីពីប្រជាពលរដ្ឋមិនប្រគល់លុយអោយគ្រប់មែននោះ លោកនឹងអោយឧកញ៉ា ទេព ភារម្យ ប្រគល់ដីអោយប្រជាពលរដ្ឋវិញ ។
យោងតាមសម្តីប្រជាពរដ្ឋមួយរូបមានឈ្មោះឈ្មោះ ហង្ស ចន្ថា ភេទស្រីអាយុ៥៤ឆ្នាំ រស់នៅភូមិពាមលង្វែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បានប្រាប់Fast News ថា លោកឧកញ៉ា ទេព ភារម្យ ពិតជាបានទទួលស្គាល់ថា នៅជំពាក់លុយប្រជាពលរដ្ឋនៅភូមិពាមលង្វែកចំនួន៣០គ្រួសារ ប្រាកដមែន ដោយលោកឧកញ៉ា បានចចារជាមួយពលរដ្ឋអោយលុយ១ម៉ឺនដុល្លារ តែពលរដ្ឋមិនព្រម ពោលគឺពលរដ្ឋសុំចំនួន៥ម៉ឺនដុល្លារ បើមិនបានពួកគាត់សុំដីមកវិញ ។
បើយោងតាមសម្តីរបស់ប្រជាពលរដ្ឋដែលជនរងគ្រោះនោះ បានអះអាងថា ការចរចានេះធ្វើឡើងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ កន្លងទៅ ដោយមានការចូលរួមពីលោក ផន សុវណ្ណា អភិបាលស្រុកពញាឮ ផងដែរ ។
គួររំលឹកថា ប្រជាពលរដ្ឋជិត៣០គ្រួសារ រស់នៅភូមិពាមល្វែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បានចោទប្រកាន់អាជ្ញាធរភូមិ-ឃុំ ដែលមានឈ្មោះ ១ ដែង អឿន ២ ឈ្មោះ អ៊ុក គួន ៣ឈ្មោះចាន់ សារ៉ាត់ ៤ លោកស្រីមេឃុំ ហេង ម្លប់ ថា បានឃុបឃិតគ្នាជាមួយឧកញ៉ា ទេព ភារម្យ លួចលក់ដី ដែលប្រជាពលរដ្ឋកំពុងរស់នៅអាស្រ័យផល នឹងកាន់កាប់ តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ ទៅលក់អោយលោកជំទាវម្នាក់ក្នុងទឹកប្រាក់រាប់ម៉ឺនដុល្លារ ។
កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ អ្នកមីងឈ្មោះ ហង្ស ចន្ថា អាយុ៥៤ឆ្នាំ រស់នៅភូមិពាមលង្វែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បានផ្តល់បទសម្ភាស៍
នៅលើបណ្ដាញសង្គមសារព័តមានមួយបានអោយដឹងថា÷ ដីទំនប់សម្រាប់ពួកគាត់អាស្រ័យផល ត្រូវបាន លោកឧកញ៉ា ទេព ភារម្យ ឃុបឃិតគ្នាជាមួយអាជ្ញាធរភូមិ-ឃុំ លួចលក់អោយលោកជំទាវម្នាក់មិនស្គាល់ឈ្មោះក្នុងតម្លៃ២០ម៉ឺនដុល្លារ ។
ពេលពួកគាត់ទៅសួរអាជ្ញាធរភូមិ-ឃុំ ឆ្លើយថា មិនដឹង រហូត ។ ហើយដីអាស្រ័យផលពិតជាដីរបស់រដ្ឋមែន តែពួកគាត់កាន់កាប់ក្រោយឆ្នាំ១៩៧៩ មកម្ល៉េះ រក្សាតាំងពីឪពុក ម្តាយ គាត់មក ។ ពេលពួកគាត់មានការខ្វះខាត ក៏សម្រេចលក់អោយលោកឧកញ៉ា ទេព ភារម្យ តែលោកឧកញ៉ា ទេព ភារម្យ មិនប្រគល់អោយលុយគ្រប់ចំនួនទេ ដោយសន្យាថ្ងៃនេះ ថ្ងៃនោះ រហូត ។
ឈ្មោះ ម៉ម ដារ៉ា ភេទស្រី អាយុ៤៨ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅទីនោះ បានអោយដឹងដែរថា ដីមេទឹក ដែលជាដីសម្រាប់ពួកគាត់អាស្រ័យផល ក៏ត្រូវបានលោកឧកញ៉ា ទេព ភារម្យ ឃុបឃិតជាមួយអាជ្ញាធរភូមិ-ឃុំលក់ដែរ ? ពេលមកលួចធ្វើប្លង់ នោះ គឺ មិនអោយពួកគាត់ដឹងទេ? ដោយលួចមកធ្វើស្ងាត់ៗ ។
អ្នកមីង ស៊ិន ធឿន អាយុ៥២ឆ្នំា ថ្លែងដែរថា លោកឧកញ៉ា ទេព ភារម្យ បានទិញដីរបស់គាត់នៅជំពាក់លុយគាត់១.២០០ដុល្លារទៀត ដោយសន្យាថា អោយតាំងពីភ្ជុំរហូតមកដល់បច្ចុប្បន្ន មិនឃើញប្រគល់អោយសោះ ។ ដីរបស់គាត់មិនទាន់អោយលុយអស់ផង ស្រាប់តែលោកឧកញ៉ា ទេព ភារម្យ ចូលកាន់កាប់ពេញលេញបាត់ទៅហើយ? ដីនេះ គឺ គាត់បានលក់អោយលោកឧកញ៉ា នៅឆ្នាំ២០១៩ ។
ដោយឡែក លោកពូ ម៉ម រ៉ី អាយុ៥៨ឆ្នាំ ថ្លែងប្រាប់ Fast News ដែរថា លោកឧកញ៉ា ទេព ភារម្យ សន្យាថា នឹងអោយលុយគ្រប់ចំនួន តែរយៈពេលជាង១ឆ្នាំ ហើយ កុហករហូត ដោយដីដែលពួកគាត់លក់អោយលោកឧកញ៉ា ទេព ភារម្យ មិនទាន់អោយលុយគ្រប់នោះ តែបែរជាពលរដ្ឋ មិនអាស្រ័យផលបានទៀតឡើយ ? ពោលគឺ ឧកញ៉ា ទេព ភារម្យ ចាក់ដីលុបអស់ហើយ ។
លោកពូ រៃ រិន អាយុ៦១ឆ្នាំ ថ្លែងក្នុងទឹកមុខក្រៀមក្រំ ថា លោកមិនពេញចិត្តនឹងអាជ្ញាធរភូមិ -ឃុំទាល់តែសោះរាល់ថ្ងៃនេះ ដែលអាជ្ញាធរមិនយកទុកដាក់លើមុខរបររបស់ប្រជាពលរដ្ឋដែលធ្វើស្រែចំការ ខណៈអាជ្ញាធរលុបប្រឡាយ ឈូសទំនប់ បំបិទភស្តុតាង មិនអោយប្រជាពលរដ្ឋបានដឹងឡើយ ។ ពួកគាត់បានបញ្ជាក់ជាចុងក្រោយថា បើសិនជាអាជ្ញាធរនៅតែធ្វើអោយពលរដ្ឋមិនពេញចិត្តបន្តទៀត គាត់នឹងសុំថ្នាក់ដឹកនាំ អោយមានការផ្លាស់ប្តូរ អាជ្ញាធរមូលដ្ឋាន ចេញ ។
ជុំវិញបញ្ហានេះដែរFast Newsបានទំនាក់ទនងទៅលោកស្រី ហេង ម្លប់ មេឃុំកំពង់ហ្លួង តែទូរស័ព្ទរបស់លោកស្រីមិនអាចទំនាក់ទំនង បានឡើយ ។
ដោយឡែក លោកឧកញ៉ា ទេព ភារម្យ បានថ្លែងប្រាប់ អ្នកសារព័ត៌មាន ថា ប្រជាពលរដ្ឋខ្លះខូចណាស់ ដីរបស់ពួកគាត់លក់តាំងពីឆ្នាំ២០០៤ មកទាមទារឥឡូវ នេះ ហើយអ្នកដែលសេសសល់គេមិនអោយ ដោយសារលោកទិញតពីគេដែរ ។
លោកឧកញ៉ា ទទួលស្គាល់ថា ពិតបានជំពាក់លុយប្រជាពលរដ្ឋខ្លះៗពិតប្រាកដមែន ដោយក្នុងម្នាក់១ម៉ឺនដុល្លារ បីពាន់ដុល្លារទៅ៤ពាន់ដុល្លារ ដែរ ដោយសារបញ្ហាជំងឺកូវិដ១៩ ។
លោក បន្តថា រាល់ថ្ងៃនេះ លោកមានបញ្ហាធំៗចំនួន ២ គឺ ទី១អាជ្ញាធរ ក៏គាបសង្កត់គាត់ និង ទី២ ពលរដ្ឋ ក៏បង្ខូចឈ្មោះគាត់! ដូចពាក្យចាស់បានពោលថា÷បើមានដំបៅដឹងតែមានរុយរោម៕ ដោយ: រ៉ូ ប៊ី