ដូណាល់ ត្រាំ បានហៅការប៉ុនប៉ងទម្លាក់រូបលោក មុនអាណត្តិថាជា «រឿងគួរឲ្យអស់សំណើច និងពោពេញដោយកំហឹង»
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងរងសម្ពាធសម្រាប់ការសុំលាលែងពីតំណែង បន្ទាប់ពីអ្នកគាំទ្ររបស់លោកបានប្រព្រឹត្តខុសធ្ងន់ធ្ងរ ចំពោះការធ្វើកុប្បកម្មនៅអគារកាពីតូលកាលពីសប្តាហ៍មុននោះ បានពណ៌នាការប៉ន់ប៉ងទម្លាក់លោកមុនអាណត្តិថាជា «រឿងគួរឲ្យអស់សំណើច» និងជាទង្វើដែលកង្កប់ដោយកំហឹងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗនៅយប់ថ្ងៃអង្គារ ទី១២ ខែកមរា ឆ្នាំ២០២១។
ថ្លែងនៅពេលកំពុងរៀបឡើងជិះយន្តហោះកងម៉ារីននៅឯសេតវិមាន ក្នុងដំណើរទៅកាន់រដ្ឋតិចសាស់ លោក ត្រាំ បានហៅការប៉ុនប៉ងទម្លាក់លោក ពីសំណាក់សមាជិកសភាអាមេរិក កាលពីថ្ងៃពុធសប្តាហ៍មុនថា ជាការបន្តប្រមាញ់អាបធ្មប់ដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រនយោបាយ។
ប្រធានាធិបតីរូបនេះបាននិយាយទៀតថា លោកមានការខឹងសម្បារយ៉ាងខ្លាំងអំពីការធ្វើបាបរូបលោក ប៉ុន្តែទោះយ៉ាងណាលោកមិនចង់ឲ្យមានអំពើហឹង្សាទេ។
លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅពេលដែលលោកកំពុងធ្វើដំណើរទៅកាន់កំផែងព្រំដែននៅទីក្រុង Alamo នៃរដ្ឋតិចសាស់ យ៉ាងដូច្នេះថា «ខ្ញុំមិនចង់មានអំពើហឹង្សាទេ»។
គួរបញ្ជាក់ថា សមាជិកសភាតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យ គ្រោងនឹងធ្វើការបោះឆ្នោតមួយ នៅល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ លើដំណោះស្រាយមួយដែលនឹងស្នើឱ្យលោក ម៉ៃក៍ ភែន យកច្បាប់វិសោធនកម្មទី ២៥ មកប្រើ ហើយលោកស្រី ណាន់ស៊ី ផេឡូស៊ី ដែលជាប្រធានសភាតំណាងរាស្ត្រ នឹងទុកពេល ២៤ម៉ោងរង់ចាំចម្លើយពីលោក ភែន។ ទោះជាបែបនេះក្តី ប្រសិនបើគ្មានចម្លើយពីលោក ម៉ៃក៍ ភែន នៅក្នុងពេលដូចបានកំណត់ខាងលើនេះទេ សមាជិកសភាតំណាងរាស្ត្របក្សប្រជាធិបតេយ្យ នឹងដំណើរការនីតិវិធីដកលោក ត្រាំ ពីបទញុះញង់ឱ្យមានសកម្មភាពបះបោរសម្រុកចូលវិមានសភា។ លោក ត្រាំ ក៏ធ្លាប់បានប្រឈមមុខនឹងនីតិវិធីដកតំណែងនេះដែរ កាលពីឆ្នាំ២០១៩ ដោយគណបក្សប្រជាធិបតេយ្យ ប៉ុន្តែត្រូវបានបរាជ័យទៅវិញ ព្រោះតែព្រឹទ្ធសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានជំទាស់នៅពេលនោះ៕