ដើម្បីចូលរួមបំពុលបរិយាកាស ទីក្រុងហ្សាការតាត្រូវការរថយន្តក្រុងអគ្គិសនី ១០.០០០គ្រឿងនៅត្រឹម ឆ្នាំ ២០៣០
(បរទេស)៖ ប្រតិបត្តិកររថយន្តក្រុងដែលគ្រប់គ្រងដោយទីក្រុងហ្សាការតាមានផែនការមហិច្ឆតាដើម្បីពង្រីករថយន្ដក្រុងអគ្គីសនី (e-bus) ចំនួន ១០.០០០គ្រឿងក្នុងរយៈពេលមួយទស្សវត្សទៀត ខណៈដែលទីក្រុងនេះព្យាយាមជំរុញឱ្យមានខ្យល់អាកាសបរិសុទ្ធ។
ប្រធានការិយាល័យផែនការ និងស្តង់ដារនៃក្រុមហ៊ុន Transjakarta លោក Candra Rakhmat បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមការពង្រីកនេះដោយបន្ថែមរថយន្តក្រុងអគ្គិសនីថ្មីចំនួន ១០០គ្រឿងក្នុងឆ្នាំ ២០២១ ដូច្នេះយានយន្តអគ្គិសនីនឹងមានចំនួន ៣ភាគរយនៃចំនួនសរុបដែលត្រូវការ។
គោលដៅរបស់អភិបាលទីក្រុងហ្សាការតា គឺថានៅត្រឹមឆ្នាំ ២០២៥ យ៉ាងហោចណាស់មាន ៥០ភាគរយនៃរថយន្តក្រុងរបស់ Transjakarta ទាំងអស់ គឺជារថយន្តក្រុងអគ្គិសនី ហើយត្រូវមាន ១០០ភាគរយនៅត្រឹមឆ្នាំ ២០៣០ ។
ឯកសាររបស់ក្រុមហ៊ុនបានបង្ហាញកាន់តែច្បាស់ថា រថយន្តក្រុងអគ្គីសនីនឹងចូលរួមចំណែកចំនួន ៨៣ភាគរយនៃចំនួនសរុបដែលត្រូវការនៅត្រឹមឆ្នាំ ២០៣០ ឬប្រហែល ១០.០០០គ្រឿង។ រថយន្តក្រុងចាស់ៗដែលនៅសល់រួមមានរថយន្តក្រុងពណ៌ទឹក្រូចដែលប្រើប្រាស់ម៉ាស៊ូត និងរថយន្តក្រុងពណ៌ខៀវដែលប្រើប្រាស់ឧស្ម័នធម្មជាតិ (CNG)។
ការពង្រីក e-bus របស់ក្រុមហ៊ុន Transjakarta ធ្វើឡើងក្នុងគោលបំណងអនុវត្តសេចក្តីប្រកាសផ្លូវបៃតង C40 និងផ្លូវសុខមាលភាពអន្តរជាតិ ដែលទីក្រុងហ្សាការតារួមជាមួយទីក្រុងចំនួន ៣៣ផ្សេងទៀតបានចុះហត្ថលេខាកាលពីខែកញ្ញា ឆ្នាំ ២០១៩ ។
យោងតាមអភិបាលទីក្រុង លោក Anies Baswedan បានឱ្យដឹងថា គោលបំណង គឺដើម្បីកាត់បន្ថយការបំពុលបរិយាកាសនៅទីក្រុងហ្សាការតា ដែលបណ្តាលឱ្យមានជំងឺចំនួន ៥,៥លានករណី និងត្រូវចំណាយថវិកា ៦,៨ទ្រីលានរូពី (៤៨២,២លានដុល្លារអាម៉េរិក) ទៅលើបញ្ហាសុខភាពជារៀងរាល់ឆ្នាំ៕
(ប្រភព VNA )