ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ លើផ្ទៃដីវាលស្មៅជាង១១ហិកតា ក្នុងបរិវេណប្រាសាទអង្គរវត្ត ត្រូវបានរៀបចំរួចរាល់ !

(សៀមរាប)៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការ នូវប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ នៅលើផ្ទៃដីវាលស្មៅជាង១១ហិកតា ក្នុងបរិវេណប្រាសាទអង្គរវត្ត ដើម្បីធ្វើឱ្យប្រសើរឡើង និងធានាដល់សោភណ្ឌភាពវាលស្មៅ ទាំងខួបប្រាំង និងវស្សា។
តាមការលើកឡើង របស់ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ការរៀបចំប្រព័ន្ធទឹកនេះ ចំណាយពេលមួយឆ្នាំ។ ក្នុងនាមជាអ្នកជំនាញធនធានទឹកមួយរូប ឯកឧត្តម ហង់ ពៅ មានប្រសាសន៍ថា ទោះបីប្រភពស្រោចស្រពចេញពីក្នុងកសិន្ធុនៃប្រាសាទអង្គរវត្តមានភាពល្អប្រសើរហើយក្តី ប៉ុន្តែក្រុមការងារជំនាញ នៅតែធានាបាននូវនិរន្តរភាពឱ្យកាន់តែទំនើប សម្រាប់ការប្រើប្រាស់ទឹកដោយពុំមានការបារម្ភ ចំពោះការខ្វះទឹកឡើយ។ លើសពីនោះ ទឹកដែលបានស្រោចស្រពលើផ្ទៃដីវាលស្មៅទាំងអស់នេះ វាក៏នឹងជួយដល់ភាពរឹងមាំ នៃគ្រឹះប្រាសាទវិញផងដែរ។
គួរជម្រាបថា អំឡុងឆ្នាំ២០២០ ខណៈពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ទទួលរងផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ-១៩ ដើម្បីលើកកម្ពស់តម្លៃបេតិកភណ្ឌ និងទាក់ទាញភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានរៀបចំកែលម្អសោភណ្ឌសួនខាងមុខប្រាសាទអង្គរវត្ត សណ្ដាប់ធ្នាប់ការប្រកបអាជីវកម្មខាងមុខប្រាសាទអង្គរវត្ត ក៏ដូចជាចំណតរថយន្ត ពង្រឹងគុណភាពផ្លូវថ្នល់ ប្រព័ន្ធរំដោះទឹក។ល។ ដែលជាការរំពឹងទុកនៃកំណើនទេសចរណ៍ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds