អ្នកជំនាញនៅសហរដ្ឋអាមេរិច មានការភ័យខ្លាចនៃការឆ្លងវិបត្តិកូវីឌក្នុងរដូវឈប់សម្រាក
(បរទេស)៖ ការឆ្លងវីរុសកូរ៉ូណាយ៉ាងខ្លាំងកើនសរុបដល់ចំនួន២លានករណីនៅក្នុងរដ្ឋ California នៅត្រឹមថ្ងៃមុនបុណ្យណូអែលឬ គ្រិស្តម៉ាស់នៅពេលដែលសហរដ្ឋអាមេរិក បានចូលក្នុងរដូវឈប់សម្រាកដោយការធ្វើដំណើរនិងការជួបជុំក្រុមគ្រួសារដែលអាចកាន់តែធ្វើឲ្យផ្ទុះឡើងនូវការរាតត្បាតជំងឺដ៏ប្រល័យនេះនៅទូទាំងប្រទេស។ នេះតាម សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ថ្វីបើមានការព្រមានពីអ្នកជំនាញសុខភាពសាធារណៈឲ្យស្ថិតនៅផ្ទះក៏ដោយ ក៏អ្នកធ្វើដំណើរជាង១,១៩លាននាក់ បានឆ្លងកាត់អាកាសយានដ្ឋានអាមេរិកនានាកាលពីថ្ងៃពុធ ដែលជាចំនួនធ្លាក់ចុះប្រហែល៤០ភាគរយបើប្រៀបធៀបកាលពី១ឆ្នាំមុន ក៏ប៉ុន្តែ ជាចំនួនសរុបខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃចាប់តាំងពីវិបត្តិនោះ បានចាប់ផ្តើមនៅពាក់កណ្តាលខែមីនាមក។
ចំណតយន្តហោះ ក៏បានកត់ត្រាអ្នកធ្វើដំណើរប្រហែល១លាននាក់ក្នុងមួយថ្ងៃៗនៅរយៈ ពេល៥ថ្ងៃពីរវាងថ្ងៃសុក្រដល់ថ្ងៃអង្គារសប្តាហ៍មុន។
លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញកំពូលខាងជំងឺឆ្លងរបស់រដ្ឋាភិបាល បាននិយាយថា លោក មានការព្រួយបារម្ភពិសេសអំពីការធ្វើដំណើររវាងថ្ងៃបុណ្យណូអែលនិង ថ្ងៃចូលឆ្នាំសាកល។ លោក Fauci ដែលគម្រប់អាយុ៨០ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា លោកនិងភរិយារបស់លោក នឹងប្រារព្ធពិធីថ្ងៃកំណើតរបស់លោកនិងថ្ងៃឈប់សម្រាកជាមួយកូនចៅរបស់លោកតាម Zoom។
វីរុសកូរ៉ូណាបានផ្តាច់ផ្តល់ជីវិតពលរដ្ឋអាមេរិកជាង៣២៧.០០០នាក់ដោយមានមនុស្សជាង៣.០០០នាក់បានស្លាប់ក្នុងមួយថ្ងៃៗត្រូវបានកត់ត្រាជាង២សប្តាហ៍កន្លងមកនេះ។
ប្រជាពលរដ្ឋអាមេរិកាំង មានក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះវ៉ាក់សាំងដែលពួកមន្ត្រី បានសន្យាថា មនុស្ស២០លាននាក់នឹងត្រូវបានចាក់វ៉ាក់សាំងនៅចុងឆ្នាំនេះ។ ក៏ប៉ុន្តែ រហូតមកទល់ថ្ងៃពុធ ពលរដ្ឋអាមេរិកាំងប្រហែល១,១លាននាក់ប៉ុណ្ណោះបានទទួលដូសវ៉ាក់សាំងទី១នៃវ៉ាក់សាំង២ដូស៕