លោក ហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានៈពីសមាជិក ជាអនុប្រធានគណៈចលនាមហាជន

(ភ្នំពេញ)៖ សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីសម្រេច តែងតាំងដំឡើងឋានៈលោក ហ៊ុន ម៉ាណែត ពីសមាជិក ជាអនុប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។ គណៈចលនាមហាជន មានលោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជាប្រធាន។ការសម្រេចតែងតាំងដំឡើងឋានៈលោក ហ៊ុន ម៉ាណែត ជាអនុប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល ដូច្នេះ ត្រូវបានធ្វើឡើង ដោយយោង លើ ៣ចំណុច រួមមាន៖ ១.សំណូមអរការងារ និងសមត្ថភាពមន្ត្រីគណបក្ស ២.សំណើរបស់គណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល ៣.មតិរបស់គណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល។

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន ជាប្រធានចលនាយុវជនគណបក្សប្រជាជនកម្ពុជា ក្រៅប្រទេស។ លោក ហ៊ុន ម៉ាណែត ក៏ត្រូវបានតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។ កាលពីចុងឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាសមាជិកគណៈអចិន្ត្រៃយ៍របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ សព្វថ្ងៃ លោក ហ៊ុន ម៉ាណែត ជាឧត្តមសេនីយ៍ឯក និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds