រដ្ឋបាលសេអ៊ូលកូរ៉េខាងត្បូងរងការរិះគន់ខ្លាំងចំពោះផែនការវ៉ាក់សាំង ខណៈការឆ្លងកូវីដ១៩កើនឡើង

(បរទេស)៖ លោក Moon Jae-in បានប្រឈមសម្ពាធ ពីសាធារណជនកាន់តែខ្លាំងឡើងនៅថ្ងៃពុធនេះ អំពីផែនការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់លោក នៅពេលដែលប្រទេសនេះខិតខំរាំងខ្ទប់រលកនៃការរាតត្បាតជំងឺកូវីដ១៩លើកទី៣ ដោយបានរាយការណ៍ករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតទី២ នៅថ្ងៃពុធនេះ។
បណ្តាញព័ត៌មានក្នុងស្រុក បានរិះគន់យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ១៩ថ្មីៗថា មានការធូររលុងខ្លាំងពេក និងពឹងផ្អែកយ៉ាងខ្លាំងលើការផលិតក្នុងស្រុកដែលចំណាយពេលយូរជាងជម្រើសទិញមកពីបរទេស។
តាមការស្ទង់មតិដោយក្រុមហ៊ុនស្រាវជ្រាវ Realmeter ពលរដ្ឋកូរ៉េខាងត្បូង៦នាក់ក្នុងចំណោម១០នាក់ជឿថា ភាពបន្ទាន់ត្រូវតែមានអាទិភាពលើសុវត្ថិភាព នៅពេលដែលគិតដល់វ៉ាក់សាំងកូវីដ១៩ ហើយថា ការចាក់វ៉ាក់សាំងត្រូវតែចាប់ផ្តើមឲ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាននៅពេលដែលការកើនឡើងករណីឆ្លងថ្មី។
ទីភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់កូរ៉េខាងត្បូង បានបញ្ជាក់ថា កូរ៉េខាងត្បូងមានការឆ្លងវីរុសកូរ៉ូណាថ្មី១.០៩២ករណី ដោយធ្វើឲ្យមានចំនួនសរុបទាំងអស់ទូទាំងប្រទេសកើនដល់ជាង៥២.០០០ករណី និងមនុស្សស្លាប់៧៣៩នាក់។
កាលពីថ្ងៃអាទិត្យ មានការឆ្លងច្រើនបំផុតប្រចាំថ្ងៃចំនួន១.០៩៧ករណី។
កាលពីយប់ថ្ងៃអង្គារ ការិយាល័យរបស់លោក Moon បានបញ្ជាក់ថា កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នឹងមិនចាប់ផ្តើម«យឺតពេលពេក»នោះទេ។ រដ្ឋាភិបាលបានបញ្ជាក់កាលពីពេលមុនថា ការចាក់វ៉ាក់សាំង អាចចាប់ផ្តើមយ៉ាងឆាប់នៅខែកុម្ភៈ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds