បណ្ដាលប្រទេសក្នុងតំបន់អឺរ៉ុបបានដាក់បម្រាមការធ្វើដំណើរសម្រាប់អង់គ្លេសជុំវិញករណីឆ្លងជំងឺ COVID-19 វិវឌ្ឍន៍ថ្មីរហូតគ្រប់គ្រងលែងបាន

(បរទេស)៖ ប្រទេសនៅអឺរ៉ុបបានចាប់ផ្ដើមដាក់បម្រាម ការធ្វើដំណើរលើចក្រភពអង់គ្លេស បន្ទាប់ពីប្រទេសនេះបានរាយការណ៍អំពីការឆ្លងវីរុសកូរ៉ូណា កាន់តែច្រើនបន្ថែមទៀតនៃការវិវឌ្ឍន៍វីរុសនេះ រហូតដល់គ្រប់គ្រងលែងបាន។
ប្រទេសអៀរឡង់ អាល្លឺម៉ង់ បារាំង អ៊ីតាលី ហូល្លង់ និងប៊ែលហ្សិកសុទ្ធតែកំពុងបញ្ឈប់ជើងហោះហើរ។ វិធានការនេះមានលក្ខណៈខុសគ្នា និងមានរយៈពេលខ្លី ប៉ុន្តែច្បាប់បារាំងក៏ជះឥទ្ធិពល ដល់សេវាកម្មដឹកជញ្ជូនតាមអាកាសផងដែរ។ កិច្ចប្រជុំសហភាពអឺរ៉ុបនៅព្រឹកថ្ងៃច័ន្ទនេះ នឹងពិភាក្សាអំពីការឆ្លើយតបដែលមានការសម្របសម្រួលបន្ថែមទៀត។ ការឆ្លងថ្មីនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅទីក្រុងឡុងដ៍ និងប្រទេសអង់គ្លេសភាគអាគ្នេយ៍។ លោកនាយករដ្ឋមន្ត្រី Boris Johnson កាលពីថ្ងៃសៅរ៍ បានណែនាំការដាក់ការរឹតត្បិតថ្មីកម្រិតទី៤ សម្រាប់តំបន់ទាំងនោះ ដោយលុបចោលការបន្ធូរបន្ថយវិធានការនានា ដែលបានគ្រោងទុកក្នុងរយៈពេលបុណ្យណូអែល សម្រាប់មនុស្សរាប់លាននាក់។
សូមបញ្ជាក់ផងដែរថារដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក Matt Hancock បានព្រមានថា វិធានការដ៏តឹងរ៉ឹងនានាអាចនៅតែបន្តអនុវត្តន៍ រហូតដល់ពេលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បញ្ចប់ដោយជោគជ័យ។ គិតត្រឹមព្រឹកថ្ងៃច័ន្ទនេះ ប្រទេសអង់គ្លេសមានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ២,០៤០,១៤៧នាក់ និងស្លាប់ចំនួន ៦៧,៤០១នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds