សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីវិធានការជាច្រើនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះការឆ្លងក្នុងសហគមន៍នៅប្រទេសថៃ
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខណៈដែលប្រទេសថៃដែលជាប្រទេសជិតខាង បាន និងកំពុងផ្ទុះឡើងនូវជំងឺឆ្លងកូវីដ-១៩ ក្នុងសហគមន៍នោះ។
ក្នុងសារបន្ទាន់ជាសម្លេងជូនជនរួមជាតិ នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោមានប្រសាសន៍ថា៖ “ខ្ញុំបានធ្វើការពិភាក្សាតាំងពីព្រឹក ជាមួយក្រសួងសុខាភិបាល ជាមួយសម្ដេចក្រឡាហោម ស ខេង ជាមួយផ្នែកពាក់ព័ន្ធ មានរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក ដើម្បីធ្វើកិច្ចការទាក់ទង ជាមួយនឹងការធ្វើយ៉ាងណារៀបចំឱ្យមានការធ្វើចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែន។ ហើយថ្ងៃនេះ ខ្ញុំក៏បានបញ្ចេញថវិកាសម្រាប់ខេត្តទាំង៧ ដែលនៅជាប់ព្រំដែននោះ ចំនួន៥០លានរៀលក្នុងខេត្តនីមួយៗទៀត បន្ថែមលើថវិកាដែលមានពីមុនរួចហើយៗ យើងនឹងបំពេញបន្ថែម ដើម្បីឱ្យខេត្តនៅតាមព្រំដែនមានលទ្ធភាពធ្វើចត្តាឡីស័ក ក្នុងស្ថានភាពធម្មតា មិនអាចឱ្យចូលមកក្នុងផ្ទៃប្រទេសដែលមិនបានធ្វើការត្រួតពិនិត្យសំណាក និងការធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅតាមព្រំដែននោះទេ”។
សម្ដេចតេជោបន្តថា ដូច្នេះចំណុចនេះបងប្អូនដែលកំពុងតែនៅក្នុងប្រទេសថៃ ពេលដែលត្រឡប់មកវិញក៏មិនអាចមកបានភ្លាមៗដែរ ចាំបាច់ត្រូវធ្វើចត្តាឡីស័កនៅតាមព្រំដែន។ សម្ដេចតេជោបានគូសបញ្ជាក់ថា ក្នុងសភាពការណ៍ដែលចំនួនមនុស្សហួសពីការគ្រប់គ្រង គឺកងទ័ពត្រូវចេញរថយន្ត ដើម្បីទៅដឹកជញ្ជូនមកខាងក្រោយ ដោយទទួលបទបញ្ជាពីអគ្គបញ្ជាការកងទ័ព ក៏ដូចជាមេបញ្ជាការកងទ័ពជើងគោក។ ហើយរថយន្តនឹងចេញទៅយប់នេះទៅកាន់បីច្រកដែលបានត្រៀមបម្រុងទុក មានច្រកអូរស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែត ដែលមានរថយន្តប្រមាណជា ៧០គ្រឿង ដែលត្រូវទៅកាន់ទីនោះ ដើម្បីត្រៀមដឹកជញ្ជូនក្នុងករណីដែលហួសពីលទ្ធភាពនៃការធ្វើចត្តាឡីស័កនៅតាមព្រំដែន ដោយមិនអនុញ្ញាតឱ្យបងប្អូនដែលធ្វើដំណើរពីប្រទេសថៃ ចូលមកក្នុងកម្ពុជាធ្វើដំណើរដោយរថយន្តតាក់ស៊ី ឬក៏ធ្វើដំណើរបែកខ្ញែកដោយខ្វះការគ្រប់គ្រង ដែលនាំទៅដល់ហានិភ័យនៃការឆ្លងចូលសហគមន៍ ដោយយើងមិនបានដឹង។ ដូច្នេះកងទ័ព នឹងត្រូវទទួលបន្ទុកទាក់ទិនជាមួយនឹងការដឹកជញ្ជូនបងប្អូនទាំងនេះ រាប់ទាំងការផ្គត់ផ្គង់ផងដែរ ដែលរួមសហការជាមួយនឹងខេត្តនៅតាមព្រំដែន ជាមួយនឹងកម្លាំងនគរបាល ក៏ដូចជាកងរាជអាវុធហត្ថ ដែលធ្វើការនៅតាមព្រំដែននៃច្រកទាំងបីនេះផងដែរ ហើយការងារនេះក៏ត្រូវធ្វើឱ្យមានការសហការឯកភាពជាមួយភាគីថៃ ជាពិសេសបណ្ដាខេត្តដែលនៅតាមព្រំដែន។