លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិច និងចាក់វ៉ាក់សាំងកូវីដ១៩ ដោយផ្សាយផ្ទាល់តាមរយៈបណ្ដាញសង្គម
(បរទេស)៖ លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងវីរុសកូរ៉ូណាដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍នៅថ្ងៃសុក្រនេះ។ ការចាក់វ៉ាក់សាំងរបស់លោកធ្វើឡើងនៅពេលការស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកាំងមួយចំនួនស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងដោយព្រួយបារម្ភអំពីសុវត្ថិភាពនិងប្រសិទ្ធភាព។
កំណើនវីរុសកូរ៉ូណានៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ាមានសភាពខ្លាំងក្លាដែលមន្ទីរសុខាភិបាលនៅក្រុងនេះបានចុះផ្សាយលើធ្វីតថឺថា៖ «ជារៀងរាល់ម៉ោងជាមធ្យមមានមនុស្ស២នាក់បានស្លាប់ដោយជំងឺកូវីដ១៩នៅទីក្រុង Los Angeles»។
ទូរទស្សន៍ CBS របស់អាមេរិក បានរាយការណ៍ថា មានគ្រែមន្ទីរពេទ្យតិចតួចណាស់ទំនេរសម្រាប់អ្នកជំងឺនៅ Los Angeles ហើយអ្នកជំងឺវីរុសកូរ៉ូណាខ្លះនៅក្នុងរថយន្តពេទ្យរហូតដល់ទៅ៧ ម៉ោងរង់ចាំគ្រែទំនេរ។
ប្រធានាធិបតីបារាំង Emmanuel Macron នៅក្នុងចំណោមមេដឹកនាំពិភពលោកដែលបានធ្វើតេស្តមានវីរុសនេះ។ លោកMacron បានចាកចេញពីវិមាន Elyséeហើយកំពុងធ្វើការជាបណ្តោះអាសន្ននៅឯគេហដ្ឋានរដ្ឋមួយនៅក្រុង Versailles។
លោកបណ្ឌិតHansKlugeនាយកការិយាល័យអង្គការសុខភាពពិភពលោកនៅអឺរ៉ុបបានជំរុញឱ្យប្រជាជននៅក្នុងផ្ទះក្នុងអំឡុងពេលបុណ្យណូអែល។ លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថាមិនគួរប្រថុយនឹងការឆ្លងវីរុសនេះទេ។
លោក Kluge ក៏បាននិយាយផងដែរថាជំងឺរាតត្បាតបានបង្កើតវិបត្តិសុខភាពផ្លូវចិត្តនៅអឺរ៉ុប។ លោកបានបន្ថែមថា៖ «ក្តីបារម្ភអំពីការឆ្លងវីរុស ការប៉ះពាល់ផ្លូវចិត្តដោយការបិទសកម្មភាពសង្គមនិងភាពឯកោនិងភាពអត់ការងារ ការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុនិងការឃ្លាតពីសង្គមធ្វើឲ្យការប៉ះពាល់សុខភាពផ្លូវចិត្តនឹងមានរយៈពេលយូរនិងវែងឆ្ងាយ»។
សាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថាមានអ្នកឆ្លងជំងឺកូវីដ១៩ទូទាំងពិភពលោកចំនួនជាង៧៥លានករណី។ សហរដ្ឋអាមេរិកមានចំនួន១៧,២លានករណីបន្ទាប់មកគឺឥណ្ឌាដែលមានចំនួនជិត១០ លានករណីនិងប្រេស៊ីលមាន៧,១លានករណី៕